(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩នេះ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារថ្មី និងលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់ មន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បានចូលរួមដាំដើមឈើក្នុងធិធីអបអរសារទរបុណ្យរុក្ខទិវា ៩ កក្តដា ឆ្នាំ២០១៩ ស្ថិតក្នុងបរិវេណវត្តឃោសិតារាម ហៅវត្តពាក់ស្បែក ស្ថិតក្នុងភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោក ប្រាក់ សុវណ្ណ បានថ្លែងថា ពិធីអបអរសារទររុក្ខទិវា នៅក្នុងពេលនេះ មានអត្ថន័យ និងសារសំខាន់យ៉ាងជ្រាលជ្រៅបំផុត សម្រាប់បំផុសស្មារតីប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នគ្រូ និងសិស្សានុសិស្សឲ្យចូលរួមយ៉ាងសកម្ម ក្នុងការដាំដុះថែរក្សា ការពារព្រៃឈើសំដៅប្រែក្លាយទីនេះ ឲ្យមានភាពស្រស់បំព្រង ធនធានព្រៃឈើឲ្យកាន់ តែសំបូរឡើងថែមទៀត សម្រាប់ធ្វើមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ រួមចំណែកលើកកំពស់ករិតជីវភាពរបស់ប្រជាពលរដ្ឋ និងជានិច្ចជាកាលការពារបរិស្ថាន កាត់បន្ថយបម្រែបម្រួល អាកាសធាតុ។

លោកអភិបាលខេត្ត បានបន្តថា «ព្រៃឈើគឺជាសម្បត្តិដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ចំពោះមនុស្សជាតិ និងសត្វនៅលើផែនដី។ ដោយមើលឃើញនូវសារសំខាន់របស់ព្រៃឈើ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ជាពិសេស គឺលើការអភិរក្ស និងគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព បំរើឲ្យផលប្រយោជន៍សង្គម សេដ្ឋកិច្ចនិងបរិស្ថានមនុស្សជំនាន់បច្ចុប្បន្ន ក៏ដូចជាអនាគតផងដែរ»។

ជាមួយគ្នានោះ លោក ប្រាក់ សុវណ្ណ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ត្រូវអនុវត្តតាមគោលការណ៍ ដោយស្មារតីយកចិត្តទុកដាក់ ហើយត្រូវប្រែក្លាយសកម្មភាព ទៅជាអបអរសារទភ្ញាក់រលឹកដាំដើមឈើគ្រប់ប្រភេទ ឲ្យបានច្រើនជាអតិបរិមា នៅតាមទីអារ៉ាម ភូមិដ្ឋាន ទីសាធារណៈប្រព័ន្ធប្រឡាយ សលារៀន និងតាមដងផ្លូវសាធារណៈនានា ហើយខិតខំថែរក្សារុក្ខជាតិទាំងនេះ ឲ្យដុះលូតលាស់ឡើង សម្រាប់ជាប្រយោជន៍ដល់កូនចៅយើងជំនាន់ក្រោយៗទៀត។

បើតាមរបាយការណ៍របស់លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានឲ្យដឹងថា សម្រាប់ខេត្តព្រះវិហារ មានសហគមន៏ព្រៃឈើសរុបចំនួន ៦៣សហគមន៍ មានផ្ទៃដីសរុបចំនួន ១១៨.៣០២ហិកតា ក្នុងនោះមានប្រកាសទទួលដោយក្រសួងកសិកម្មចំនួន ៣៧សហគមន៍ ដែលស្មើនឹងផ្ទៃដី ៦៥.៩៨៣ហិកតា និងសហគមន៏ព្រៃឈើ ដែលបានចុះកិច្ចព្រមព្រៀងជាមួយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ មានចំនួន ៣៩សហគមន៍ស្មើរផ្ទៃដី៥៣.៥៩១ហិកតា។

ជាមួយគ្នានេះលោក ពឹង ទ្រីដា បានលើកឡើងផងដែរថា នៅក្នុងឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ បានបណ្តុះកូនឈើនៅគ្រប់បណ្តាទីតាំងទាំង៨ស្រុក-ក្រុង ចំណុះឲ្យខណ្ឌសរុបបាន ចំនួន ៨១.៥៤៣ដើម ក្នុងនោះប្រភេទកូនឈើរយៈពេលវែងមានដូចជា៖ កូនឈើក្រញូង បេង ធ្នុង នាង នួន គគីនឹងកកោះចំនួន ៤៨.៦១៦ដើម កូនឈើរយៈពលខ្លីមានដូចជា កូនរំដូលក្ងោកលឿងរាជមានចំនួន៩.៤៩៩ដើម កូនឈើហូបផ្លែចម្រុះរួមមានខ្នុរ ដូង ស្វាយ អំពិលនឹងត្របែក២៣.៤២៦ដើម។

ជាមួយគ្នានោះ មន្ទីរបានចែកចាយកូនឈើ ដល់មន្ទីរនានាជុំវិញខេត្តកងកម្លាំងប្រដាប់អាវុធតាមបណ្តាអង្គភាពនិមួយៗ រាជបណ្ឌិតសភាកម្ពុជាតេជោសែនឬស្សីត្រឹប និងបានផ្តល់ជូនលោកគ្រូ អ្នកគ្រូ យកទៅដាំនៅតាមសាលារៀន ព្រមទាំងបានចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមគេហដ្ឋានរួមមាន៖ កូនឈើចម្រុះបានចំនួន១៣.២២៣ដើមផងដែរ៕