(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩នេះ បានដឹកនាំមន្ត្រីរាជការជុំវិញខេត្ត បានប្រារព្ធពិធីដាំដើមឈើអបអរសាទរបុណ្យរុក្ខទិវា ៩ កក្កដា នៅបរិវេណវត្តព្រះវិហារស្វាយ ស្ថិតក្នុងភូមិស្វាយ ឃុំព្រៃកន្លោង ស្រុកពោធិ៏រៀង ខេត្តព្រៃវែង ដែលមានកូនឈើចំនួន២៥០០ដើម ត្រូវបានដាំនៅទីនោះ។

ពិធីរុក្ខទិវានេះដែរ ក៏មានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ តាជី យាយជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋសរុប ចំនួន ៨៣៦នាក់។

លោក ជា សុមេធី បានថ្លែងជំរុញដល់មន្ត្រីជំនាញត្រូវខិតខំទប់ស្កាត់ឲ្យបាននូវសកម្មភាពអនាធិបតេយ្យ ក្នុងវិស័យព្រៃឈើ ជួយជំរុញទាំងបច្ចេកទេស និងស្មារតីដល់សហគមន៍ឲ្យបានរឹងមាំ ដើម្បីជាគុណប្រយោជន៍ដល់ប្រជាពលរដ្ឋ ដែលរស់នៅពឹងផ្អែកលើផលអនុផលព្រៃឈើ តាមរយៈការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវច្បាប់ស្តីពីព្រៃឈើ។

ជាមួយគ្នានោះ លោកអភិបាលខេត្តព្រៃវែង ក៏បានអំពាវនាវដល់គ្រប់មជ្ឍដ្ឋានទាំងអស់ ចូលរួមថែរក្សាការពារព្រៃឈើ ទប់ស្កាត់ការកាប់រានដុត ឈូសឆាយដីព្រៃឈើ ដើម្បីហ៊ុមព័ទ្ធយកដី ធ្វើជាកសិកម្មដោយខុសច្បាប់ ព្រមទាំងជំរុញឲ្យពលរដ្ឋដាំដើមឈើឲ្យបានច្រើន ដើម្បីលើកកម្ពស់បរិស្ថាន និងសម្រាប់ជាគុណប្រយោជន៍ ដល់សង្គមជាតិយើងទាំងអស់គ្នា។

សូមបញ្ជាក់ថា ដើមឈើចម្រុះប្រភេទ សរុបចំនួន ២៥០០ដើម ត្រូវបានដាំនៅទីតាំងខាងលើ និងចែកចាយកូនឈើចម្រុះជាច្រើនប្រភេទ និងកូនឈើហូបផ្លែជូនប្រជាពលរដ្ឋដែលបានមកចូលរួម ចំនួន២៥០០ដើមផងដែរ៕