(ភ្នំពេញ)៖ ដើម្បីចូលរួមអនុវត្តន៍គោលនយោបាយ និងអនុសាសន៍គន្លឹះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញ និងលើកកម្ពស់ការងារយេនឌ័រ ក្រសួងការពារជាតិ បានចូលរួមបង្កើនចំនួនមន្ត្រី រាជការជាស្ត្រី និងចំនួនស្ត្រីចូលរួមឱ្យបានពេញលេញ ក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច នយោបាយ និងវិស័យការពារជាតិកាន់តែប្រសើរឡើងជាលំដាប់។

សម្រាប់វិស័យការពារជាតិ ខណៈក្នុងឆ្នាំ២០១៨ បរិមាណទ័ពនារី ក្នុងកងយោធពលខេមរភូមិន្ទ ដែលក្រសួងការពារជាតិ បានតែងតាំងមានចំនួន ១២៣នាក់ បើធៀបនិងឆ្នាំ២០១៧ គឺកើនឡើងចំនួន ៣៧នាក់ ក្នុងនោះចំនួនយោធិននារី ទទួលបានការដំឡើងតួនាទីបានកើនឡើង គួរឱ្យកត់សំគាល់ មានថ្នាក់ឧត្តមសេនីយ៍ទោ ថ្នាក់ឧត្តមសេនីយ៍ត្រី។

បច្ចុប្បន្ននេះ ក្រសួងការពារជាតិ ក៏បាននិងកំពុងបន្តការយកចិត្តទុកដាក់លើកកម្ពស់ការងារយេនឌ័រនេះបន្ថែមទៀត តាមរយៈការបន្តលើកស្ទួយ និងផ្តល់ឱកាសតួនាទី ព្រមទាំងឋានន្តរស័ក្តិ ដល់បណ្តាស្ត្រីដែលមានសមត្ថភាព បទពិសោធន៍ និងស្នាដៃក្នុងវិស័យការពារជាតិជាបន្តបន្ទាប់។ ជាក់ស្តែងនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រកាសតម្លើង និងបំពាក់ឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) នៃកងយោធពលខេមរភូមិន្ទជូនលោកស្រី អ៊ុក ដារ៉ា ដែលជាអគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ដោយយោងទៅលើសមត្ថភាព បទពិសោធន៍ និងស្នាដៃ ព្រមទាំងគុណបំណាច់ដែលបានលះបង់ពេលវេលា និងកម្លាំងកាយកម្លាំងចិត្ត ព្រមទាំងធនធានក្នុងបុព្វហេតុបំរើ និងការពារជាតិមាតុភូមិ និងប្រជាជន។

សូមបញ្ជាក់ថា លោកស្រីឧត្តមសេនីយ៍ឯក អ៊ុក ដារ៉ា បច្ចុប្បន្នមានតួនាទីជាអគ្គនាយករងអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ នៃក្រសួងការពារជាតិ អតីតមេបញ្ជាការរង នៃបញ្ជាការដ្ឋានកងពល តូចថ្មើរជើងលេខ៧០ ទទួលបន្ទុកការងារសុខាភិបាល។

លើសពីនោះ លោកស្រីឧត្តមសេនីយ៍ឯក មិនត្រឹមតែបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់បំពេញតួនាទីរបស់ខ្លួន ក្នុងការលើកម្ពស់សុខុមាលភាពនាយទាហាន នាយទាហានរង និងពលទាហានក្នុងអង្គភាពបានយ៉ាងល្អប្រសើរ តាមរយៈការផ្តល់សេវានៅមន្ទីរពេទ្យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចោមចៅ ដែលមានទីតាំងក្នុងអង្គភាពផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ លើកម្ពស់សុខុមាលភាព និងជីវភាព តាមរយៈការពិនិត្យ ព្យាបាលជំងឺ និងផ្តល់ថ្នាំដោយឥតគិតថ្លៃ នៅក្នុងមណ្ឌលសុខភាព មរតកតេជោ ជុំគីរី និងក្រាំងអំពិល ព្រមទាំងតាមភូមិ ឃុំ ស្រុក និងតំបន់ដាច់ស្រយាលមួយចំនួន ជូនដល់ព្រះសង្ឃ និងប្រជាពលរដ្ឋ រួមទាំងគ្រួសារនាយទាហាន នាយទាហានរង និងពលទាហានក្នុងអង្គភាពទៀតផង។

ក្រៅពីនេះជារឿយៗលោកស្រីឧត្តមសេនីយ៍ឯក ក៏តែងតែមានវត្តមាន និងចូលរួមក្នុងសកម្មភាពកិច្ចការមនុស្សធម៌ ដោយអមដំណើរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងការចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ទីកន្លែងទូទាំងប្រទេស ព្រមទាំងសកម្មភាពមនុស្សធម៌ ជាមួយថ្នាក់ដឹកនាំផ្សេងៗជាច្រើនទៀតផងដែរ៕