(ភ្នំពេញ)៖ សាលា Maha's Home School of Beauty បានរៀបចំកម្មវិធីជួបជុំ និងប្រគល់សញ្ញាបត្រដល់សិស្សទាំង៤ជំនាន់ ដែលបានទទួលការបណ្តុះបណ្តាលពីសាលា លើជំនាញផាត់មុខ ធ្វើសក់ និងស្លៀកសំលៀកបំពាក់កូនក្រមុំ នៅភោជនីយ៍ដ្ឋានទន្លេបាសាក់២ កាលពីដើមខែកក្កដា ឆ្នាំ២០១៩នេះ។

លោក មហាវិរៈ ស្ថាបនិករបស់ Maha Home និងជាអ្នកឯកទេសផាត់មុខ ដែលកំពុងមានប្រជាប្រិយភាព បានឱ្យដឹងថា «ដោយសព្វថ្ងៃ យុវជន យុវនារីខ្មែរ បានប្រលូកក្នុងវិស័យការងារផ្នែកសំអាងការច្រើន ទើបរូបខ្ញុំចូលរួមចែករំលែកបទពិសោធន៍ដែលខ្ញុំមាន»។

បន្ថែមពីលើនេះ លោកបានឱ្យដឹងថា «ដើម្បីជួយលើកកំពស់ដល់យុវជន យុវនារីខ្មែរ ឱ្យមានគុណភាពការងារមិនចាញ់ប្រទេសជិតខាង ទើបរូបលោក រិៈរកគន្លឹះថ្មី និងប្លែក ដើម្បីយកមកបង្វឹកដល់សិស្ស ដែលកំពុងសិក្សានៅ Maha’s Home»។

កញ្ញា សំរឹទ្ធិស័ក្ក បញ្ញា ជាសិស្ស ដែលទទួលបានការបណ្តុះបណ្តាលផ្ទាល់ពីលោក មហាវិរៈ បានថ្លែងពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា «ក្រោយពីបញ្ចប់ការសិក្សាពី Maha’s Home កញ្ញាទទួលបានទីផ្សារការងារច្រើន និងបានធ្វើឱ្យការងាររបស់កញ្ញាមានគុណភាពជាងមុន» ។

សូមជម្រាបថា ក្នុងកម្មវិធីនេះដែរ ក៏មានការចូលរួមពីសំណាក់សិស្ស ភ្ញៀវកិត្តិយស បណ្តាអ្នកសារព័ត៌មានជាតិ និងម្ចាស់ឧបត្ថម្ភ ជាច្រើនផងដែរ៕