(ស្វាយរៀង)៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី ៣នាក់បានស្លាប់ និងរបួសធ្ងន់២នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងរថយន្ត២គ្រឿងបុកគ្នា ក្នុងទិសដៅស្របទិសគ្នា ពីលិចមកកើតពេញទំហឹង លាន់ដូចរន្ទះបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ចទាំងយប់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១៖៣០នាទីយប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្តលេខ១៥៩ និង១៦០ ស្ថិតក្នុងភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាល បានឲ្យដឹងថា មុនកើតហេតុមានរថយន្ត០១គ្រឿង ម៉ាកព្រូសពណ៌ទឹកប្រាក់ខៀវ ពាក់ស្លាកលេខស្វាយរៀង 2AX-5643 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចមកកើត រួមជាមួយនិងអ្នកដំណើរប្រុសស្រី៤នាក់ជនជាតិចិន។ ខណៈប្រើប្រាស់ល្បឿនលឿនខ្វះប្រុងប្រយ័ត្ន ក៏បុករថយន្តមួយគ្រឿងទៀតមិនស្គាល់ម៉ាក ស្របទិសគ្នាពីក្រោយពេញទំហឹង បង្កការភ្ញាក់ផ្អើលតែម្ដង។

បច្ចុប្បន្នអ្នករងគ្រោះធ្ងន់ប្រុសទាំង ២នាក់ ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងសាកសព ៣នាក់ បានយកទៅរក្សាទុកនៅវត្តពោធិថ្មី (ហៅវត្តបាវិត) ដើម្បីរងចាំប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ។ រីឯវត្ថុតាងត្រូវបានសមត្ថកិច្ច វាស់វែងនិងយកមករក្សាទុក នៅអធិការនគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿង ទៅតាមនីតិវិធី។

ទោះបីយ៉ាងណាក៏ដោយ ជនរងគ្រោះស្លាប់និងរបួស សមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ហើយសពតម្កល់ទុកក្នុងវត្តនៅឡើយ រង់ចាំសាច់ញាត្តិមកយកទៅធ្វើបុណ្យ នៅស្រុកកំណើត។ សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុអ្នកបើកបររថយន្តម៉ាកព្រូស ប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕