(រតនគិរី)៖ ដើម្បីត្រៀមលក្ខណៈការពារសន្តិសុខសណ្តាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូលក៏ដូចភ្ញៀវជាតិ អន្តរជាតិ ដែលមកកម្សាន្តសប្បាយ នៅតាមរមណីដ្ឋាននានា ក្នុងខេត្តរតនគិរីនោះ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩នេះ ស្នងការនគរបាលខេត្តរតនគិរី បានរៀបចំបើកវគ្គហ្វឹកហ្វឺន អន្តរាគមន៍ពិសេសដល់សិក្ខាមចំនួន១៦២/ស្រី១២នាក់។

លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩នេះ ថា វគ្គហ្វឹកហ្វឺនពិសេសនេះ មានរយៈពេល១ខែ គឺចាប់ពីថ្ងៃទី៤ ខែកក្កដា ដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ លើមុខជំនាញសំខាន់ៗចំនួន៤ គឺទី១៖ គោរពវិន័យ០០៦ របស់នគរបាលជាតិ, ទី២៖ លំហាត់របៀប, ទី៣៖ លំហាត់ប្រឆាំងបាតុកម្ម និង៤៖លំហាត់ក្បាច់គុណ។

លោកឧត្តមសេនីយ៍ស្នងការបន្តថា វគ្គហ្វឹកហ្វឺននៅពេលនេះ គឺអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ នេត សារឿន អគ្គស្នងការនគរបាលជាតិ ដើម្បីធ្វើយ៉ាងឱ្យកម្លាំងនគរបាលទាំងអស់ បំពេញបន្ថែមនូវជំនាញរបស់ខ្លួនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងណា ដែលបម្រើដល់ផលប្រយោជន៍ប្រទេសជាតិ។

លោកឧត្តមសេនីយ៍ទោ យិន ចំណាន បញ្ជាក់ឱ្យដឹងទៀតថា កម្លាំងទាំងអស់ដែលចូលរួមវគ្គហ្វឹកហ្វឺនអន្តរាគមន៍ពិសេស ត្រូវត្រៀមប្រចាំការនៅអង្គភាព ដើម្បីរក្សាសន្តិសុខ សណ្តាប់ សុវត្ថិភាពព្រមទាំងត្រៀមអន្តរាគមន៍ ប្រជាពលរដ្ឋជួបប្រទះគ្រោះមហន្តរាយផ្សេងៗ ដូចជាខ្យល់ព្យុះ, ទឹកជំនន់, ជួយបង្កបង្កើនផលដកស្ទូងក្នុងរដូវវស្សានេះជូនពួកគាត់ (ខ្វះកម្លាំងពលកម្ម) ជាដើម។

គួរបញ្ជាក់ផងដែរថា ក្នុងភូមិសាស្ត្រខេត្តរតនគិរីទាំងមូល មួយរយៈកន្លងមកនេះបញ្ហាអសន្តិសុខផ្សេងៗ និងគ្រោះថ្នាក់ចរាចរណ៍ពុំមានអ្វីកើតឡើងគួរ ឱ្យកត់សម្គាល់នោះទេ ព្រោះគណៈបញ្ជាការឯកភាពខេត្តដឹនាំដោយលោក ថង សាវុន អភិបាលខេត្តរតនគិរី គឺគ្រប់គ្រងស្ថានការទាន់ពេលវេលា៕