(ស្វីស)៖ នៅក្នុងឱកាសអញ្ជើញចូលរួមបើកកម្មវិធីព្រឹត្តិការណ៍សង្គម-វប្បធម៌ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក ទីក្រុងហ្សឺណែវ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំពាវនាវដល់សមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងដៃគូអភិវឌ្ឍន៍ទាំងឡាយបន្តជួយដល់ប្រទេសសមាជិកក្រីក្រ ឱ្យបានចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងបន្តជំរុញកិច្ចដំណើរការអភិវឌ្ឍន៍របស់ខ្លួន ទៅមុខកាន់តែលឿនថែមទៀត។

កម្មវិធីព្រឹត្តិការណ៍សង្គម-វប្បធម៌នេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គការពាណិជ្ជកម្មពិភពលោក ព្រមទាំងបណ្តាប្រទេសជាសមាជិកអង្គការពាណិជ្ជកម្ម ពិភពលោកផងដែរ។ កម្មវិធីបានចាប់ផ្តើមនៅវេលាម៉ោងប្រមាណ៧យប់ថ្ងៃ០៣ ខែកក្កដា ឆ្នាំ២០១៩ ម៉ោងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

នៅក្នុងឱកាសថ្លែងសុន្ទរកថាបើកកម្មវិធីព្រឹត្តិការណ៍សង្គម-វប្បធម៌ ប្រមាណ១៥នាទី សម្តេចតេជោ ហ៊ុន សែន បានថ្លែងរៀបរាប់ពីប្រវត្តិសង្រ្គាមដ៏ឈឺចាប់ របស់កម្ពុជាពីប្រទេសមួយដែលធ្លាប់តែត្រូវបានគេស្គាល់ថា ជាវាលពិឃាដ ជាតំបន់អសន្តិសុខ ដោយសារជម្លោះប្រដាប់អាវុធ និងសំណល់គ្រាប់មីនដ៏គ្រោះថ្នាក់ និងជាប្រទេសមានសេដ្ឋកិច្ចអន់ថយ ផុងជាប់ក្នុងភាពក្រីក្រ និងមានអសន្តិសុខស្បៀង កម្ពុជាបច្ចុប្បន្ន ទទួលបានសន្តិភាពពេញលេញ និងបានក្លាយជា
គោលដៅទេសចរណ៍ដ៏មានប្រជាប្រិយនៅតំបន់អាស៊ីអគ្នេយ៍ ជាប្រទេសនាំចេញស្បៀងអាហារ មានស្នាដៃលេចធ្លោក្នុងការកាត់បន្ថយភាពក្រីក្រ និងការកែលំអសូចនាករសង្គមនានា និងជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងពិភពលោក។

សម្តេចតេជោ ហ៊ុន សែន បានបន្តថ្លែងថា ថ្មីៗនេះ បានឆ្លងផុតដោយជោគជ័យពីឋានៈជាប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ដោយសារកំណើនសេដ្ឋកិច្ចដ៏ខ្ពស់ក្នុងរង្វងជាង ៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេលជាងពីរទស្សវត្សរ៍កន្លងមក ព្រមទាំងកំពុងប្រឹងប្រែងដើម្បីក្លាយជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា សម្រាប់ឆ្នាំ២០១៨ កន្លងទៅនេះ មានអត្រាកំណើនសេដ្ឋកិច្ចកម្ពុជា សម្រេចបាន៧,៥% ជាមួយនឹងការ ព្យាករណ៍ថានឹងអាចបន្តរក្សាបានក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ សម្រាប់រយៈពេលមធ្យមទៅមុខ។ អត្រានៃភាពក្រីក្របានធ្លាក់ចុះពី ៥៣,២% ក្នុងឆ្នាំ ២០០៤ មកនៅក្រោម ១០% ក្នុងឆ្នាំ ២០១៨ ។ ជាមួយគ្នានេះដែរ កម្ពុជាបានធ្វើពិពិធកម្មជាបណ្តើរៗនូវមូលដ្ឋានសេដ្ឋកិច្ចរបស់ខ្លួន ទាំងផលិតផល និងទីផ្សារ ដែលក្នុងនោះការនាំចេញរបស់កម្ពុជាបានកើនពី ៥,៧ ប៊ីលានដុល្លារ (ស្មើនឹង ៤០,៥% នៃ ផសស) នៅឆ្នាំ ២០១២ មកដល់ ១៣ ប៊ីលានដុល្លារ (ស្មើនឹង ៥៣,២% នៃ ផសស) នៅឆ្នាំ២០១៨ និងបានធ្វើពិពិធកម្មបន្តិចម្តងៗ ពីការនាំចេញសម្លៀកបំពាក់ទៅកាន់ផលិតផលផ្សេងទៀត។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់បញ្ហាប្រទេស និងដៃគូអភិវឌ្ឍន៍ទាំងអស់ដែលបានជួយដល់កម្ពុជា និងបញ្ហាប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងរយៈពេលកន្លងមក ហើយក៏សូមអំពាវនាវដល់សមាជិក WTO និងដៃគូអភិវឌ្ឍន៍ទាំងឡាយ ឱ្យបន្តជួយដល់ប្រទេសសមាជិកក្រីក្រឱ្យបានចាកចេញ ពីក្រមប្រទេសអភិវឌ្ឍន៍តិចតួច និងអាចបន្តជំរុញកិច្ចដំណើរការអភិវឌ្ឍន៍របស់ខ្លួន ទៅមុខកាន់តែលឿនថែមទៀត ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃអង្គការសហប្រជាជាតិ៕