(ភ្នំពេញ)៖ ឆ្នាំ២០១៩នេះ ករណីជំងឺគ្រុនឈាម បានហក់ខ្ពស់ជាងឆ្នាំ២០១៨ រហូតដល់ទៅជាង៥ដង ដោយអ្នកកើតជំងឺគ្រុនឈាម ពាក់កណ្តាលឆ្នាំនេះ គិតចាប់ពីខែមករា ដល់មិថុនា ឆ្នាំ២០១៩នេះ មានចំនួនសរុប ១៥,០០០ករណី ស្លាប់២៤នាក់។

ជាងនេះទៅទៀត ជំងឺគ្រុនឈាមនេះមានពេញមួយឆ្នាំ តែហក់ខ្ពស់នៅរដូវវស្សាវ ឬធ្លាក់ភ្លៀងនេះ ។

លោកសាស្ដ្រាចារ្យ គី សាន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានថ្លែងឲ្យដឹងនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះថា ក្នុងដើមរដូវភ្លៀវនេះ នឹងមានការកើនឡើងនូវជំងឺគ្រុនឈាម ដែលគួរឱ្យព្រួយបារម្ដ ដែលយើងអាចចាត់ទុកថា ការផ្ទុះនៃជំងឺគ្រុនឈាម បានមកដល់វដ្ដផ្ទុះនៃជំងឺគ្រុនឈាម ដែលជាវដ្ដនេះ ក្នុងអំឡុងពេលមួយដ៏វែង ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺគ្រុនឈាម ព្រោះមានគ្រប់វ័យ ទាំងក្មេង និងមនុស្សចាស់។

លោកសាស្ដ្រាចារ្យ បានថ្លែងបន្ដថា តាមការសង្កេតរបស់យើង នៅមន្ទីរពេទ្យគន្ធបុប្ផា គឺលេចក្បាលតាំងពីដើមឆ្នាំមកម៉្លេះ ហើយក្រសួងសុខាភិបាល ក៏បានត្រៀមរួចហើយដែរ ។ ប៉ុន្ដែទោះបីជាយើង បានត្រៀមលក្ខណៈរួចក៏ដោយ ការកើនឡើង ពីដើមឆ្នាំរហូតដល់ខែកក្កដានេះ ជាពិសេស នៅចុងខែឧសភា រហូតដល់ដើមខែនេះ មានការហក់ឡើង មានចំនួនច្រើន ជាពិសេសនៅមន្ទីរពេទ្យគន្ធបុប្ផា ។

ជាងនេះទៅទៀត លោកសាស្ដ្រាចារ្យ បន្ដថា «ជារៀងរាល់ថ្ងៃ អ្នកជំងឺក្រៅ នៅមន្ទីរពេទ្យគន្ធបុប្ផា ទាំងភ្នំពេញ និងសៀមរាប មានចំនួនជាង៤ពាន់ករណីក្នុងមួយថ្ងៃ ក្នុងចំណោម៤ពាន់នាក់នេះ ប្រហែល៧០០នាក់ ត្រូវចូលសម្រាកពេទ្យ ហើយក្នុងចំណោម៧០០នាក់នេះ គឺ៣០%-៣៥% មានរោគសញ្ញាគ្រុនឈាម ដែលត្រូវដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ដូច្នេះយើងសង្កេតឃើញថា មានការកើនឡើងនៅចុងខែមិថុនា និងដើមសប្ដាហ៍ខែកក្កដានេះ មានចំនួនច្រើន ក៏ប៉ុន្ដែហាក់នៅថេរ, តែទោះជាយ៉ាងណាក្ដី រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានអញ្ជើញចូលរួមបណ្ដុះបណ្ដាលណែនាំជាបន្ទាន់ ដល់គ្រូពេទ្យរដ្ឋ និងឯកជន ស្ដីពី ការគ្រប់គ្រង និងការថែទាំអ្នកជំងឺគ្រុនឈាម ដើម្បីត្រៀមបំរុងសម្រាប់ព្យាបាលអ្នកជំងឺគ្រុនឈាម ឱ្យបានទាន់ពេលវេលា ក្នុងរដូវធ្លាក់ភ្លៀងនេះ»។

លោកសាស្ដ្រាចារ្យ បញ្ជាក់ថា «ក្នុងរយៈពេល២ថ្ងៃដើមខែកក្កដានេះ ចំពោះករណីថ្មីនៃជំងឺគ្រុនឈាម ជាង៥០០នាក់ ហើយបើគិតពីដើមឆ្នាំ ចាប់ពីខែមករា ដល់ចុងខែមិថុនា មានប្រមាណជាង១៥០០នាក់ ដែលសូមឱ្យប្រជាពលរដ្ឋ សូមចូលរួមទាំងអស់គ្នា ត្រូវសម្អាតបរិស្ថានជុំវិញផ្ទះ កុំឱ្យមានកន្លែងដក់ទឹកថ្លា ដែលជាជម្រកមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម»

សូមជម្រាបថា គិតពីខែមករា ដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ជំងឺគ្រុនឈាម បានសម្រាក និងជាសះស្បើយ នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងសៀមរាប (ជ័យវរ្ម័នទី៧) សរុបចំនួន ១៦,១៣៥ករណី ស្លាប់៣០នាក់ ៕