(ត្បូងឃ្មុំ)៖ កន្លងមកទោះបីជារដ្ឋបាលខេត្តត្បូងឃ្មុំ បានធ្វើការណែនាំ និងចាត់វិធានការ ជាបន្តបន្ទាប់ក្នុងការទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក ទាំងការអប់រំផ្សព្វផ្សាយតាមគ្រប់រូបភាព និងការបង្ក្រាបបទល្មើសចរាចរសត្វ យ៉ាងសស្រាក់សស្រាំ ប៉ុន្តែថ្មីៗនេះ មន្ត្រីជំនាញផលិតកម្មបសុព្យាបាលអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ បានរកឃើញវត្តមានជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅភូមិកំពូលសេរី និងភូមិសោយ ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំហើយត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំណត់ជាតំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក តាមរយៈប្រកាសលេខ២២៧ ប្រក.កសក ចុះថ្ងៃអង្គារ១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ។

ដើម្បីជំរុញការអនុវត្តប្រកាសស្តីពីការកំណត់តំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ឲ្យមានប្រសិទ្ធភាពខ្ពស់ និងជាវិធានទប់ស្កាត់ជំងឺនេះ មិនឲ្យរាលដាលទៅកាន់តំបន់ផ្សេងៗទៀត អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ សូមដាក់ចេញសេចក្តីណែនាំចាំបាច់ និងបន្ទាន់មួយចំនួនដូចខាងក្រោម៖

១៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ត្រូវបន្តសហការជាមួយអគ្គនាយកដ្ឋានសុខភាព សត្វនិងផលិតកម្មសត្វសម្របសម្រួលអនុវត្តតាមខ្លឹមសារ ប្រកាសស្តីពីកំណត់តំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ឲ្យបានរលូន និងការទទួលខុសត្រូវខ្ពស់។ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ត្រូវចាត់មន្ត្រីបសុព្យាបាលសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបាញ់ថ្នាំរម្ងាប់មេរោគ ក្នុងភូមិសាស្ត្រ និងច្រកចេញ ចូល ភូមិទាំងពីរ ជាប្រចាំរហូតមានប្រកាសថ្មី។

២៖ មន្ទីរមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ត្រូវចាត់មន្ត្រីបសុព្យាបាល សហការជាមួយក្រុមប្រឹក្សាឃុំ មេភូមិ ភ្នាក់ងារសុខភាពសត្វភូមិ ស្រង់ស្ថិតិឲ្យបានច្បាស់អំពីចំនួនគ្រួសារ កសិករមានចិញ្ចឹមជ្រូកចំនួនជ្រូកកំពុងមានវត្តមាន ក្នុងទ្រុងស្ថានភាពសុខភាពសត្វ ទាំងក្នុងតំបន់ផ្ទុះជំងឺនិងតំបន់ក្នុងរង្វង់កាំ៣គីឡូម៉ែត្រ និង១០គីឡូម៉ែត្រ។

៣៖ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកអូររាំងឪ មេឃុំគ្រប់ឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន មេភូមិ ត្រូវចូលរួមគាំទ្រ និងសហការជាមួយមន្ត្រីជំនាញបសុព្យាបាល ធ្វើការអប់រំផ្សព្វផ្សាយ ប្រកាសស្តីពីកំណត់តំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ផលវិបាកនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកឲ្យបានទូលំទូលាយ និងតាមដានស្ថានភាពសុខភាពសត្វនៅកន្លែងចិញ្ចឹមសត្វ និងទប់ស្កាត់ការទិញ លក់ ដឹកជញ្ជូនសត្វចេញ ចូល ក្នុងនិងឆ្លងកាត់តំបន់ផ្ទុះជំងឺ។

៤៖ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ទាំងអស់ ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយផលវិបាក នៃជំងឺប៉េស្តជ្រូកអាហ្វ្រិក ចំពោះសេដ្ឋកិច្ចកសិករ ក៏ដូចជាសេដ្ឋកិច្ចជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងរាយការណ៍ជាបន្ទាន់ដល់មន្ត្រីជំនាញបសុព្យាបាលខេត្តត្បូងឃ្មុំ ក្នុងករណីមានសត្វជ្រូកឈឺ ឬងាប់ ដើម្បីចាត់វិធានការបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

៥៖ អង្គភាពប្រចាំការតាមច្រកព្រំដែនជាមួយប្រទេសវៀតណាមទាំងអស់ ត្រូវពង្រឹងការហាមឃាត់និង ទប់ស្កាត់ចរាចរសត្វជ្រូក និងផលិតផលសត្វជ្រូកគ្រប់ប្រភេទឆ្លងកាត់ព្រំដែនដោយគ្មានលិខិតអនុញ្ញាត។

៦៖ ម្ចាស់សត្តឃាតដ្ឋាន ត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញបសុព្យាបាល ទប់ស្កាត់ការនាំចូលសត្វ ជ្រូករស់គ្មានលិខិតបញ្ជាក់អនាម័យសត្វពីសមត្ថកិច្ច បសុពេទ្យចូលក្នុងសត្តឃាតដ្ឋាន និងជួយណែនាំដល់អាជីវករពិឃាតសត្វជ្រូក ត្រូវទិញជ្រូកដែលមានប្រភពពីតំបន់គ្មានជំងឺឆ្លង មានលិខិតអនុញ្ញាតត្រឹមត្រូវ និងមិនអនុញ្ញាតឱ្យពិឃាតសត្វជ្រូកក្រៅសត្តឃាតដ្ឋាន៕