(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យលោកស្រី អាន ផល្លា ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ ដឹកនាំសហការីយកគ្រឿងឧបភោគបរិភោគ និងបច្ច័យ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ ជាមួយក្រុមគ្រួសារសពលោកអនុសេនីយ៍ឯក សាត ភឿន នាយរងប៉ុស្ដិ៍នគរបាលសង្កាត់ស្វាយប៉ាក នៃអធិការដ្ឋាននគរបាលខណ្ឌ ស្ថិតនៅឯគេហដ្ឋានផ្ទាល់ ស្ថិតក្នុងក្រុមទី០១ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ។

សូមបញ្ជាក់ថា លោកអនុសេនីយ៍ឯក សាត ភឿន នាយរងប៉ុស្ដិ៍នគរបាលសង្កាត់ស្វាយប៉ាក នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានទទួលមរណភាព កាលពីថ្ងៃអង្គារ ទី០២ ខែកក្កដា ឆ្នាំ២០១៩ ក្នុងជន្មាយុ៥៥ឆ្នាំ ដោយរោគាពាធ និងរៀបចំធ្វើបុណ្យខួប៧ថ្ងៃ ចំថ្ងៃអាទិត្យ០៦កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩។

ស្ថិតក្នុងសមានទុក្ខដ៍សោកសង្រែងនេះ លោកយាយ លឿង សន ត្រូវជាម្ដាយនៃសព, អ្នកស្រី ផាត ស៉ីណា ត្រូវជាភរិយា និងកូនៗនៃសព, លោក លឿង វាសនា និងភរិយា ត្រូវជាប្អូននៃសព, លោក លឿង សុភាន និងភរិយា ត្រូវជាប្អូននៃសព និងជាអ្នកផ្ដើមបុណ្យ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ និងសហការី តំណាងឲ្យអភិបាលខណ្ឌ និងមន្ត្រីចំណុះរដ្ឋបាលខណ្ឌទាំងអស់ ដែលបានមកចូលរួមបុណ្យ និងគោរពវិញ្ញាណក្ខន្ធ ដើម្បីរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសូមសមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ ដោយជួបតែនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ស្ថិតក្នុងសមានទុក្ខដ៏សោកសង្រេង ខ្សឹបខ្សួល រំជួលចិត្តដ៏សែនក្រៀមក្រំ យ៉ាងក្រៃលែងនេះដែរ លោកស្រី អាន ផល្លា ជា ពិសី ជំនួសមុខឲ្យមន្ត្រីចំណុះរដ្ឋបាលខណ្ឌទាំងអស់ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសព នៃការបាត់បង់ លោកអនុសេនីយ៍ឯក សាត ភឿន នាយរងប៉ុស្ដិ៍នគរបាលសង្កាត់ស្វាយប៉ាក ដែលជាការបាត់បង់មន្ត្រី ដែលបានរួមចំណែកធ្វើពលីកម្មរាល់គ្រប់សកម្មភាពសព្វបែបយ៉ាង ដោយមិនគិតពីការនឿយហត់ នារយៈពេលច្រើនឆ្នាំកន្លងមក៕