(កោះកុង)៖ ដើម្បីសុខភាពប្រជាពលរដ្ឋ និងដើម្បីអនុវត្តន៍តាមបទបញ្ជារបស់អគ្គនាយដ្ឋានកាំកុងត្រូល និងរាជរដ្ឋាភិបាល ធានាបានសុវត្ថិភាពចំណីអាហារ លើគ្រឿងបរិភោគឧបភោគ សាខាកាំកុងត្រូលខេត្តកោះកុង សហការជាមួយមន្ត្រីពាណិជ្ជកម្ម និងអាជ្ញាធរស្រុកមណ្ឌលសីមា នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ បានចុះត្រួតពិនិត្យលើកគ្រឿងឧបរិភោគបរិភោគ បន្លែ ត្រី សាច់ មឹក បង្គា និងរាល់មុខទំនិញ ដែលអាជីវករដាក់តាំងលក់ក្នុងផ្សារប៉ាក់ខ្លង និងនៅតាមលំនៅដ្ឋាន ក្នុងភូមិសាស្រ្តក្នុងផ្សារនៃ ខេត្តកោះកុង ដោយផ្តោតសំខាន់ទៅមុខទំនិញគ្រឿងភេសជ្ជៈណាហួសការបរិច្ឆេទ ថ្ងៃខែឆ្នាំផលិត។

លោក ហ៊ុយ ភារម្យ ប្រធានសាខាកាំកុងត្រូលខេត្តកោះកុង បានថ្លែងថា ការចុះប្រតិបត្តិការនេះ ធ្វើឡើងដោយផ្អែកទៅលើច្បាប់ស្តីពី ការគ្រប់គ្រងគុណភាពសុវត្ថិភាពផលិតផលទំនិញ និងសេវាកិច្ចសម្របសម្រួលពាណិជ្ជកម្ម តាមរយៈគ្រប់គ្រងហនិភ័យ ដែលការត្រួតពិនិត្យ លក្ខណៈរូបវ័ន្ត ត្រួតពិនិត្យលក្ខណៈទូទៅ ខាងក្រៅរបស់ម្ហូបអាហារ ទៅលើស្លាកសញ្ញា សំបកវេចខ្ចប់ការបរិច្ឆេទ កំប៉ុងកំពិតប៉ោងរលួយ។ល។ ព្រមទាំងត្រួតពិនិត្យគុណភាព និងភាពអនុលោមដោយធ្វើការវិភាគជាបឋមទៅផលិតផលទំនិញដោយប្រើ Test kit ដើម្បីស្វែងរកសាធាតុគីមីដែលហាមឃាត់ ដូចជា ប៉ូរ៉ាក់ និងហ្វ័រម៉ាលីនជាដើម ក្នុងករណីមានការសង្ស័យ ត្រូវយកគំរូបញ្ជូនទៅវិភាគបន្តនៅមន្ទីរពិសោធន៍ របស់អគ្គនាយដ្ឋានកាំកុងត្រូលដើម្បីកំណត់រកហានិភ័យ។

លោក ហ៊ុយ ភារម្យ បានបន្តថា ការចុះត្រួតពិនិត្យទំនិញគ្រឿងភេសជ្ជៈ គ្រឿងឧបរិភោគបរិភោគថ្ងៃនេះ មន្ត្រីកាំកុងត្រូលមិនរកឃើញមុខភេសជ្ជៈ និងគ្រឿងឧបរិភោគដាក់សារធាតុគីមី ឬមុខទំនិញណាហួសការបរិច្ឆេទនោះទេ។ ចំពោះបញ្ហានេះ មន្ត្រីជំនាញធ្វើការត្រួតពិនិត្យជាបន្តបន្ទាប់ និងប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ហើយធ្វើការណែនាំអាជីវករឲ្យមានការ យល់ដឹងកាន់តែខ្ពស់ចំពោះបញ្ហានេះផងដែរ។ ប្រជាពលរដ្ឋបានយល់ដឹងច្រើន ចំពោះបញ្ហានេះមុនទិញមុខទំនិញណាមួយ។

ជាចុងក្រោយលោក ហ៊ុយ ភារម្យ បានអំពាវរនាវដល់អ្នកនាំទំនិញចូលទាំងអស់ សូមនាំចូលតែទំនិញទាំងឡាយណា ដែលមានលក្ខណៈអនុលោមខ្ពស់គ្មានសារធាតុគីមី ហើយមានសំបក ខ្ចប់វិចខ្ចប់ត្រឹមត្រូវ មានការបរិច្ឆេទដើម្បីចូលរួមចំណែក ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ទាំងសុខមាលភាព និងសេដ្ឋកិច្ចហើយការចុះណែនាំដល់អាជីវករ នៅក្នុងផ្សារនឹងនៅតាមលំនៅដ្ឋាន ដើម្បីធ្វើការពន្យល់ពីលក្ខណៈ ពិសេសមុននឹងទិញយកទៅប្រើប្រាស់ឬបរិភោគហើយដើម្បីសុខភាពរបស់បងប្អូន៕