(កំពង់ស្ពឺ)៖ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឌៀប វណ្ណឌី នាយរងសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត នាយករងខុទ្ទកាល័យកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអ្នកសម្របសម្រួលមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ តំណាងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមជាមួយប្រតិភូក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បាននាំបច្ច័យមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ចំនួន ៣៥,៩៧៥,៥០០រៀល យកទៅប្រគល់ជូនគ្រួសារលោកឧត្តមសេនីយ៍ត្រី អឿ សំរិទ្ធ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលទើបទទួលមរណភាពនាពេលថ្មីៗនេះ។

លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ណឌី បានឲ្យដឹងថា បច្ច័យទាំងនេះបានមកពីការចូលរួមរបស់នាយឧត្តមសេនីយ៍ សៅ សុខា ចំនួន ៥លានរៀល ព្រមទាំងនាយ នាយរង នៃកងរាជអាវុធហត្ថទូទាំងប្រទេស និងដោយមានការជួយសម្របសម្រួលពីលោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត ដោយផ្ទាល់។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានឲ្យដឹងថា បើទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ អតីតយុទ្ធមិត្តរបស់កងរាជអាវុធហត្ថ មិនទុកនរណាម្នាក់ចោលឡើយ ហើយបន្តមើលថែរក្រុមគ្រួសារ ថែមទៀត ដូចជា៖ ក្រុមគ្រួសារលោកឧត្តមសេនីយ៍ត្រី អឿ សំរិទ្ធ ដែលទើបទទួលមរណភាពនេះជាដើម។

លោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត បានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់នាយឧត្តមសេនីយ៍ សៅ សុខា កងរាជអាវុធហត្ថ បានបង្កើតមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថនេះឡើង ក្នុងគោលបំណង់ ជួយសម្រួលទៅដល់ជីវភាព ក្រុមគ្រួសារអាវុធហត្ថ ពលីមរណៈដែលបានបាត់បង់សមាជិកជាទីស្រលាញ់ ដែលជាបង្គោលគ្រួសារ និងបន្សល់សមាជិកនៅក្នុងបន្ទុកជាច្រើននាក់៕