(បាត់ដំបង)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ បានរៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩ និងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩។

ពិធីនេះត្រូវបានធ្វើឡើងនៅខេត្តបាត់ដំបង ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ព្រមទាំងមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ បានធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩។ ការបោះឆ្នោតនេះ មានគណបក្សនយោបាយចំនួន៧ ចូលរួមប្រកួតប្រជែងក្នុងនោះមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សខ្មែររួបរួមជាតិ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែរសាធារណរដ្ឋ, គណបក្សឆន្ទៈខ្មែរ និងគណបក្សយុវជនកម្ពុជា។

អាសនៈក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩នេះ មានចំនួនសរុប ៤,១១៤អាសនៈ ក្នុងនោះ អាសនៈក្រុមប្រឹក្សារាជធានី/ខេត្ត មានចំនួន ៥៥៩អាសនៈ និង អាសនៈក្រុមប្រឹក្សាក្រុង/ស្រុក/ខណ្ឌ មានចំនួន ៣,៥៥៥អាសនៈ។ អង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងតំណែង ដែលមានចំនួនសរុប ១១,៥៧២នាក់៕