(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ បានដឹកនាំមន្ត្រីស្ថាប័ន មន្ទីរអង្គភាពពាក់ព័ន្ធ ចុះពិនិត្យមើលដំណាំស្រូវ របស់ប្រជាពលរដ្ឋចំនួន៣ភូមិ ក្នុងឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

បើតាមមេឃុំសំពងជ័យ លោកស្រី ញ៉ឹក ស្រីអូន បានឲ្យដឹងថា ដំណាំស្រូវដែលត្រូវជួយសង្គ្រោះ មានចំនួន២,៥០០ហិកតា។ ម្យ៉ាងទៀត រយៈពេល៣ថ្ងៃមកហើយ អាជ្ញាធរមូលដ្ឋាន បានជួលម៉ាស៊ីនបូមទឹកបញ្ចូលស្រែ គួបផ្សំជាមួយនឹងមានភ្លៀងធ្លាក់ខ្លះផងនោះ ដូច្នេះដំណាំស្រូវរបស់ប្រជាពលរដ្ឋ មិនទាន់មានការខូចខាតនោះទេ ។

ជាមួយគ្នានោះ លោក អ៊ុន ចាន់ដា បានណែនាំឲ្យមន្ត្រីពាក់ព័ន្ធ ត្រូវតាមដានបន្តទៀត បើក្នុងករណីខ្វះទឹកបញ្ចូលស្រែ ខាងមន្ទីរធនធានទឹក ខេត្តកំពង់ចាម ត្រូវដាក់ម៉ាស៊ីនមកបន្ថែមទៀត ដើម្បីបូមទឹកសង្គ្រោះស្រូវ របស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត បានផ្ដល់ថវិកាចំនួន២លានរៀល ដល់លោកស្រីមេឃុំសំពងជ័យ សម្រាប់ថ្លៃជួលម៉ាស៊ីនបូមទឹកសង្គ្រោះស្រូវ ប្រជាពលរដ្ឋអស់រយៈពេល៣ថ្ងៃមកនោះ និងថ្លៃកាយប្រឡាយទឹកប្រវែង ២៥០ម៉ែត្រផងដែរ៕