(ភ្នំពេញ)៖ អដ្ឋិធាតុទាហានស្ម័គ្រចិត្តវៀតណាម៥៤០ធាតុទៀត ត្រូវបានជីកកកាយរកឃើញនៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៩នេះ។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០១៩នេះ កងយោធពលខេមរភូមិន្ទ បានសហការជាមួយក្រុមរុករកអដ្ឋិធាតុវៀតណាម ដោយរុករកឃើញអដ្ឋិធាតុទាហានស្ម័គ្រចិត្តវៀតណាមចំនួន៥៤០ធាតុថែមទៀត ក្នុងនោះមានការរកឃើញដោយ យោធភូមិភាគពិសេស ចំនួន៦២ធាតុ, យោធភូមិភាគទី១ ចំនួន៤០ធាតុ, យោធភូមិភាគទី២ ចំនួន២២៨ធាតុ, យោធភូមិភាគទី៣ ចំនួន៨១ធាតុ, យោធភូមិភាគទី៤ ចំនួន៤៨ធាតុ និងយោធភូមិភាគទី៥ ចំនួន៨៤ធាតុ។

រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០០ ស្តីពីការរុករកការប្រមូលផ្តុំ និងការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមដែលពលី ក្នុងសម័យសង្រ្គាមនៅប្រទេសកម្ពុជា។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រសួងការពារជាតិ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្តអនុវត្តការងារសម្រាប់ឆមាសទី២ ឆ្នាំ២០១៩ របស់ខ្លួន ក្រោមអធិ​បតីភាព​ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ៕