(កំពង់ចាម)៖ កូនប្រុសរបស់លោកឧកញ៉ា ឡូវ ហ៊ឹង គឺលោក ឡូវ ហេង នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩នេះ បានរៀបចំពិធីពិសានំបញ្ចុក សាមគ្គីជូនដល់អ្នកភូមិជាច្រើនគ្រូសារ និងនាំយកអំណោយសប្បុរសធម៌មួយចំនួន ចែកជូនដល់លោកតាលោកយាយ ក្នុងមូលដ្ឋានភូមិសំរោង ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមផងដែរ។ សកម្មភាពសប្បុរសធម៌នេះ ត្រូវ បានគេមើលឃើញថា លោកកំពុងតែដើរតាមគន្លងឪពុកខ្លួន ដោយឪពុករបស់លោកកន្លងមក តែងតែចុះជួយដល់ពលរដ្ឋតាមមូលដ្ឋានជានិច្ច។

លោក ឡូវ ហេង បានថ្លែងបញ្ជាក់យ៉ាងខ្លីថា ពិធីរៀបចំពិសានំបញ្ចុកជូន អ្នកភូមិនៅថ្ងៃនេះ ក្នុងគោលបំណងបង្កើនសប្បាយ រីករាយ សាមគ្គីភាព ស្របតាមការអំពាវនាវរបស់ថ្នាក់ដឹកនាំប្រទេស គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ខណៈដែលមន្ត្រីថ្នាក់ លើតែងតែយកចិត្តទុកដាក់ដល់ពួកគាត់ប្រកបដោយទឹកមុខរីករាយ និងស្និទ្ធស្នាលបំផុត។

ជាមួយគ្នានោះដែរលោក ឡូវ ហេង និងលោកស្រី ក៏បានជួយរួមចំណែកកសាងបង្ហើយបន្ទប់ទឹក និងជួយជាស៊ីម៉ង់ត៍ ព្រមទាំងចែកជូនថវិកាដល់កងកម្លាំង និងលោកយាយលោកតាចាស់ជរា ផងដែរ។

ជាការពិត នេះមិនមែនជាកិច្ចការសប្បុរសធម៌លើកដំបូង របស់លោក ឡូវ ហេង ឡើយ កន្លងមកកូនប្រុសលោកឧកញ៉ា ឡូវ ហ៊ឹង ម្នាក់នេះ តែងតែធ្វើកិច្ចការសប្បុរសធម៌ជាមួយសង្គមជាច្រើន ដូចជាចែកទានដល់ជនក្រីក្រ ចាស់ជរាជាដើម៕