(ភ្នំពេញ)៖ លោកវរសេនីឯក នេត ស៊ីថុន អធិការនគបាលខណ្ឌ៧មករា នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ បានប្រកាសរកសាច់ញ្ញាតិគ្រួសារសពស្ត្រីចំណាស់ម្នាក់ ដែលបានបាត់ជីវិតដោយគ្រោះថ្នាក់ចររាចរណ៍មួយកាលពីទាបភ្លឺនៅត្រង់ចំណុចមុខផ្ទះ៣២០អឺសូន្យ ផ្លូវលេខ២១៧ ភូមិទី៩ សង្កាត់អូឫស្សីទី២។

លោក នេត ស៊ីថុន បានឲ្យភ្នាក់ងារព័ត៌មានអង្គភាព Fresh News ឲ្យដឹងថា អាជ្ញាធរខណ្ឌ៧មករា សូមប្រកាសសួររកសាច់ញ្ញាតិសពស្ត្រីរងគ្រោះ ដែលបាតបង់ជីវិតកាលពីវេលាម៉ោង៤៖៥០នាទី ទាបភ្លឺថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ដោយគ្រោះថ្នាក់ចរាចរណ៍ នៅត្រង់ចំណុចមុខផ្ទះ៣២០អឺសូន្យ ផ្លូវលេខ២១៧ ភូមិទី៩ សង្កាត់អូឫស្សីទី២ ខណ្ឌ៧មករា រវាងម៉ូតូនឹង មនុស្សដើរឆ្លងថ្នល់ ។

ក្រោយពេលកើតហេតុរួចហើយ ម៉ូតូបង្កហេតុបានបើករត់តាមបណ្តោយផ្លូវលេខ២១៧ ឆ្ពោះទៅទីសខាងខាងកើតបាត់តែម្តង ដោយពុំស្គាល់ម៉ាកនឹងស្លាកលេខ។

អ្នកដើរឆ្លងមិនស្គាល់ឈ្មោះ និងអត្តសញ្ញាណ ភេទស្រី អាយុប្រហែលជា៦៨ឆ្នាំ ពុំមានកន្លែងនឹងអាសយដ្ឋានពិតប្រាដក ត្រូវបានម៉ូតូបុកបណ្តាលរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីពេទ្យ កាល់ម៉ែត ដោយស្ថានភាពរបួសធ្ងន់ធ្ងរពេក បានស្លាប់នៅលើរថយន្តសង្គ្រោះក្នុងមន្ទីពេទ្យ។ បច្ចុប្ប្ន្នន្នសពបានដឹកយកទៅតំកល់ទុកធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា។

លោកអធិការបញ្ជាក់បន្ថែមថា «យើងខ្ញុំសូមប្រកាសសួររកសាច់ញ្ញាតិ និងក្រុមគ្រួសារសពខាងលើ ដែលមានភិនភាគដូចខាងក្រោម កំពស់ប្រហែលជា ១ម៉ែត្រ ៤០សម្បុរស ម្រាមដៃខាងស្តាំខើច ពាក់អាវយីតឆ្នូតស ក្រហម លឿង ខោយីត ស ខ្មៅ។ល។

បើបងប្អូនបានឃើញ និងស្គាល់ភិនភាគខាងលើ សូមទំនាក់ទំនងមកកាន់អធិការដ្ឋាននគរបាលខណ្ឌ៧មករា ទូរសព្ទ័លេខ ០១២ ៩៨៨ ០១៨៕