(ភ្នំពេញ)៖ ខណៈពេលដែលបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន កំពុងជួបបញ្ហាប្រឈមនានា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ដើម្បីសម្រេចនូវគោលដៅ អភិវឌ្ឍន៍របស់ខ្លួន ប្រទេសកម្ពុជា បានទាក់ទាញការគាំទ្រដ៏ច្រើនគួរឲ្យកត់សម្គាល់ជាទីមោទនៈ ពីសំណាក់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងបណ្តាប្រទេសនៅអឺរ៉ុប។

កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩, តំណាងរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានកញ្ចប់ទីពីរ ដែលមានទឹកប្រាក់ចំនួន៦០លានដុល្លារអាមេរិក ជាមួយតំណាងធនាគារវិនិយោគអឺរ៉ុប (EIB) សម្រាប់ការអនុវត្ត «គម្រោងសាងសង់រោចក្រប្រព្រឹត្តិកម្ម ទឹកស្អាតបាក់ខែង» ដើម្បីបង្គ្រប់កញ្ចប់ឥណទាន ចំនួន១០០លានដុល្លារ ដែលជាឥណទានសម្បទានដំបូងរបស់ខ្លួនផ្តល់ជូនប្រទេសកម្ពុជា តាមរយៈរាជរដ្ឋាភិបាល។

កាលពីពេលចុងខែឧសភាកន្លងទៅនេះដែរ ក្រុមប្រឹក្សាភិបាលធនាគារពិភពលោក ក៏បានអនុម័តនូវក្របខ័ណ្ឌភាពជាដៃគូប្រចាំប្រទេសកម្ពុជា ដែលជាកម្មវិធីគាំទ្ររាជរដ្ឋាភិបាល ក្នុងការសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ ក្នុងរយៈពេល៥ឆ្នាំខាងមុខ ដោយមានកញ្ចប់ឥណទានប្រមាណជាង ១ប៊ីលានដុល្លារ និងជំនួយបច្ចេកទេសជាច្រើនទៀត។

ការអនុម័តនេះត្រូវបានធ្វើឡើងក្រោយពីប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា មានភាពរអាក់រអួលមួយរយៈ ប៉ុន្តែត្រូវបានស្ដារឲ្យមានភាពល្អប្រសើរឡើងវិញ ទន្ទឹមនឹងជំនឿជាក់លើទស្សនវិស័យ, ការដឹកនាំដ៏ត្រឹមត្រូវ, និងសមិទ្ធផលជាក់ស្តែងរបស់រាជរដ្ឋាភិបាល ដែលធនាគារពិភពលោកបានចាត់ទុកជាឯទត្តករមួយ ក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺនៅពេលអនុម័ត នាយកតំណាងរបស់សហរដ្ឋអាមេរិកបានថ្លែងមតិគាំទ្រមុនគេ និងបានសំដែងនូវសុទិដ្ឋិនិយម និងជំហរគាំទ្រទាំងស្រុង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។ ការសម្រេចចិត្តជាឯកច្ឆ័ន្ទនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីគណៈប្រតិភូក្រុមប្រឹក្សាភិបាល ធនាគារពិភពលោក បានមកធ្វើទស្សនកិច្ចផ្ទាល់ស្វែងយល់ការពិត និងពិនិត្យជាក់ស្តែងអំពីការរីកចម្រើនរបស់ប្រទេសកម្ពុជា។

ធនាគារអភិវឌ្ឍន៍អាស៊ី ក៏បានបញ្ចប់ការរៀបចំយុទ្ធសាស្ដ្រភាពជាដៃគូ ប្រចាំប្រទេសសម្រាប់រយៈពេល៥ឆ្នាំខាងមុខរបស់ខ្លួនដោយនឹងបង្កើន កញ្ចប់ហិរញ្ញប្បទាន ក្នុងទំហំធំជាងមុនថែមទៀតដល់កម្ពុជា ប្រមាណជាង៣០០លានដុល្លារ ក្នុងមួយឆ្នាំ ហើយក្រុមប្រឹក្សាភិបាលរបស់ខ្លួន នឹងធ្វើការអនុម័តឯកសារជាផ្លូវការ នាខែសីហាខាងមុខនេះ។

ជាមួយគ្នានេះដែរ ប្រទេសអាល្លឺម៉ង់ ប្រទេសបារាំង ប្រទេសស៊ុយអែត និងប្រទេសនៅក្នុងសហភាពអឺរ៉ុបមួយចំនួនទៀត ក៏កំពុងធ្វើការចរចាជាមួយរាជរដ្ឋាភិបាល ដើម្បីផ្តល់ឥណទាន, ជំនួយឥតសំណង, និងការគាំទ្រជាបច្ចេកទេសបន្ថែមទៀតដល់គម្រោងអភិវឌ្ឍន៍ថ្មីៗ ដែលរាជរដ្ឋាភិបាល គឺជាអ្នកចង្អុលបង្ហាញនូវលំដាប់អាទិភាព។

ដោយឡែក ដៃគូទ្វេភាគីសំខាន់ៗ ជាប្រពៃណីរួមមាន ចិន ជប៉ុន និងកូរ៉េត្បូង ក៏បានកំពុងបន្តនិងពង្រីកការគាំទ្រ និងប្រតិបត្តិការរបស់ខ្លួនបន្ថែម
ដោយឈរលើភាពជាដៃគូជាយុទ្ធសាស្ត្រដែលមានជាយូរយារមកហើយ។ និន្នាការថ្មីនេះ បង្ហាញនូវរបត់នៃភាពជាដៃគូដែលកាន់តែមានភាពជឿជាក់ ប្រកបដោយភាពចាស់ទុំផ្នែកនយោបាយពី សំណាក់ដៃគូអភិវឌ្ឍន៍ និងមិនលុះដោយឥទ្ធិពលនៃការញុះញង់ ដោយតួអង្គដែលមានចេតនាកេងចំណេញ
នយោបាយ ហើយមិនធ្លាប់បានគិតគួរអំពីផលប្រយោជន៍ពិតប្រាកដរបស់ប្រជាជន និងប្រទេសជាតិ។

ការចាប់ដៃ និងរឹតចំណងសាមគ្គីប្រកបដោយឆន្ទៈប្តេជ្ញាខ្ពស់នេះ ក៏ឆ្លុះបញ្ចាំងនូវភាពសមត្ថភាពពិតប្រាកដរបស់រាជរដ្ឋាភិបាល និងមោទកភាពរបស់កម្ពុជា ក្នុងឋានៈជាប្រទេសមួយ ដឹកនាំដោយរាជរដ្ឋាភិបាលមួយដែលសម្រេចបាននូវវឌ្ឍនភាព និងសមិទ្ធផលជាតិសំខាន់ៗជាប្រវត្តិសាស្ត្រ ហើយដែលបណ្តាប្រទេសជាច្រើន កំពុងសុំឲ្យចែករំលែកនូវបទពិសោធន៍ក្នុងការដឹកនាំសេដ្ឋកិច្ច និងកិច្ចអភិវឌ្ឍន៍ដែលសម្រេចបានទាំងល្បឿន និងគុណភាព នៃការកាត់បន្ថយភាពក្រីក្រ និងសមធម៌សង្គម ក្នុងបរិការណ៍ដែលប្រទេសនានាកំពុងតែជួបការលំបាក៕