(ភ្នំពេញ)៖ សាលាអន្តរជាតិ វេសវីយូ កម្ពុជា ដែលជាការពង្រីកដល់កម្រិតមធ្យមសិក្សា បន្តពីសាលាអន្តរជាតិ លើននីង ចាំងហ្គល បាន ប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ នៅថ្ងៃតែមួយ ជាមួយពិធីប្រគល់សញ្ញាបត្រ និងការសម្តែងរបស់សិស្សានុសិស្ស ដើម្បីប្រមូលថវិកាបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។

តាមសេចក្ដីប្រកាសព័ត៌មាន របស់សាលាអន្តរជាតិ វេសវីយូ កម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា សាលាអន្តរជាតិ វេសវីយូ កម្ពុជា ឈរលើស្តង់ដារ ការអប់រំប្រកបដោយគុណភាពពិត និងសម្រួចសិស្សានុសិស្ស ឲ្យមានសមត្ថភាពប្រកួតប្រជែងទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ។

កម្មវិធីសិក្សា របស់សាលាអន្តរជាតិ វេសវីយូ កម្ពុជា មានលក្ខណៈល្អពិសេស ដោយការបូកបញ្ចូលរួមគ្នា រវាងកម្មវិធីសិក្សាអន្តរជាតិ ពីសហរដ្ឋអាមេរិក (The American Common Core Standards) និងការដាក់បញ្ចូល ការសិក្សាភាសាខ្មែរ ប្រវត្តិសាស្ត្រ និងវប្បធម៌ ក្នុងម៉ោងសិក្សារៀងរាល់សប្តាហ៍ ដើម្បីឲ្យសិស្សទទួលបាននូវស្តង់ដារ ការអប់រំតាមបែបអន្តរជាតិ និងរក្សាបាននូវអត្តសញ្ញាណជាតិខ្មែរ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន បានបន្ថែមទៀតថា សាលាអន្តរជាតិ វេសវីយូ កម្ពុជា មាននាយិកាកម្មវិធីសិក្សា និងក្រុមគ្រូបង្រៀន សុទ្ធតែមានអាជ្ញាបណ្ណបង្រៀន និងបទពិសោធន៍បង្រៀន មធ្យមសិក្សាលើសពី១០ឆ្នាំ មកពីសហរដ្ឋអាមេរិក និងក្រៅប្រទេស។

កាលពីដើមខែមិថុនា សាលាបានទទួលអាជ្ញាបណ្ណ ទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា លើកម្មវិធីសិក្សា អន្តរជាតិ ហើយបច្ចុប្បន្ននេះ សាលាអន្តរជាតិ វេសវីយូ កម្ពុជា គឺជាបេក្ខភាពទទួលស្គាល់ គុណភាពស្តង់ដារ ការអប់រំពីស្ថាប័នវាយតម្លៃគុណភាព អប់រំរបស់សាលាអន្តរជាតិ ដើម្បីបើកឱកាសឲ្យសិស្សានុសិស្ស សាលាវេសវីយូ ចូលរៀននៅសកលវិទ្យាល័យល្បីៗ នៅលើពិភពលោក។

បច្ចុប្បន្ននេះ សាលាអន្តរជាតិ វេសវីយូ កម្ពុជា មានទីតាំងនៅជាប់សាលាអន្តរជាតិ លើននីង ចាំងហ្គល សាខាបឋមសិក្សា ដែលមានអាស័យដ្ឋាននៅផ្ទះលេខ ២៥៤AK ផ្លួវ៥៩៨ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។ សិស្សានុសិស្សសាលាអន្តរជាតិ វេសវីយូ កម្ពុជា នឹងចាប់ផ្តើមចូលរៀន នៅដើមខែសីហា ឆ្នាំ២០១៩នេះ ។

សាលា ក៏កំពុងសាងសង់ទីតាំងថ្មីទី២របស់ខ្លួន នៅលើផ្ទៃដីធំជាង១ម៉ឺនម៉ែតការេ និងចំងាយត្រឹមតែ៥នាទី ពីផ្សារទំនើបអ៊ីអន ម៉ល សែនសុខ។ ទីតាំងថ្មីនេះ និងមានបំពាក់នូវបរិក្ខាសិក្សាទំនើប តាមស្តង់ដារការសិក្សា អន្តរជាតិ និងអាចទទួលសិស្សបានលើសពី១,០០០នាក់ ព្រមទាំងមានអាងហែលទឹក សាលហាត់កីឡា សាលប្រជុំ ដែលអាចទទួលមនុស្ស លើសពី៣០០នាក់ កន្លែងស្នាក់នៅរបស់បុគ្គលិក និងសិស្សានុសិស្សផងដែរ។

លើសពីនេះទៅទៀត ក្នុងឱកាសនោះ សាលាបានប្រារព្ធពិធីអបអរសាទរ ដល់សមិទ្ធផលដ៏ធំធេង របស់សិស្សានុសិស្ស ដែលបានបញ្ចប់ការសិក្សាកម្រិតថ្នាក់មត្តេយ្យ នៅសាលាអន្តរជាតិ លើននីង ចាំងហ្គល ដោយជោគជ័យ។ លទ្ធផលជោគជ័យនេះ សម្រេចបានដោយសារតែមានការគាំទ្រ និងការសហការដ៏ល្អ ពីអាណាព្យាបាលគ្រប់រូប និងការប្តេជ្ញាចិត្ត ធ្វើការដ៏មោះមុត របស់បុគ្គលិកនៅសាលា។

សាលាអន្តរជាតិ លើននីង ចាំងហ្គល ក៏បានផ្តួចផ្តើមកម្មវិធីប្រមូលថវិកា ដោយក្នុងនោះ ថវិកាសរុបទទួលបាន ពីការលក់សំបុត្រទស្សនា ការសម្តែងសិស្សានុសិស្ស បានចំនួន៥ពាន់ដុល្លារ និងថវិកាពីថ្នាក់ដឹកនាំ សាលាអន្តរជាតិ វេសវីយូ កម្ពុជា និងសាលាអន្តរជាតិ លើននីង ចាំងហ្គលចំនួន៤ពាន់ដុល្លារ សរុបទាំងអស់ចំនួន៩ពាន់ដុល្លារ ដើម្បីយកទៅ ផ្តល់ជូន ដល់មន្ទីពេទ្យគន្ធបុប្ផា។

លោក លី វីរៈ ប្រធានក្រុមប្រឹក្សាភិបាល នៃសាលាទាំងពីរ និងតំណាងឲ្យបុគ្គលិកទាំងអស់ សូមថ្លែងអំណរអរគុណដ៏ជ្រាលជ្រៅ ចំពោះមាតាបិតា និងអាណាព្យាបាលគ្រប់រូប ដែលពួកគាត់ បានផ្តល់នូវសេចក្តីទុកចិត្ត ដ៏ខ្លាំងបំផុតមកលើសាលាទាំងពីរ និងបានផ្តល់ឱកាសឲ្យសាលា បានមើលថែរក្សា និងបង្រៀនបុត្រធីតារបស់លោកអ្នក តាំងពីដើមរហូតមកដល់ថ្ងៃនេះ និងបន្តទៅថ្ងៃអនាគតទៀត៕