(កំពង់ឆ្នាំង)៖ ក្រោយពីមានការចុះផ្សាយលើសារព័ត៌មាន និងគេហទំព័រមួយចំនួន នៅលើបណ្ដាញសង្គម Facebook ពាក់ព័ន្ធនឹងការតែងតាំងមន្ត្រីសាលាដំបូងខេត្តកំពង់ឆ្នាំង ដោយលើកឡើងថា «មិនទាន់តាំងស៊ប់ នៅក្នុងក្របខ័ណ្ឌក្រសួងផង បែរជាតែងតាំងឋានៈតាមផ្លូវកាត់ខុសច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ដែលគេសង្ស័យថា មានអំពើពុករលួយ ដែលលោករដ្ឋមន្ត្រីមិនបានដឹង»

សាលាដំបូងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ទៀតថា គឺជាស្ថាប័នដែលអនុវត្តអំណាចទីបី គឺអំណាចតុលាការ នៃព្រះរាជាណាចក្រកម្ពុជា ទទួលយកការរិះគន់ស្ថាបនាទាំងអស់ ដែលមានភាពត្រឹមត្រូវ និងមិនទទួលយកដាច់ខាត នូវការវាយប្រហារទាំងឡាយណា ដែលទុច្ចរិត គ្មានមូលដ្ឋានធ្វើឲ្យបាត់ជំនឿលើវិស័យតុលាការ និងរក្សាសិទ្ធិប្ដឹងឲ្យចោទប្រកាន់តាមមាត្រា ៥២៣ នៃក្រមព្រហ្មទណ្ឌ។

អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងថា ការតែងតាំងគឺអនុវត្តត្រឹមត្រូវ ស្របតាមច្បាប់ស្ដីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិលសាមីខ្លួន ត្រូវបានតាំងស៊ប់តាម (ប្រកាសលេខ ១៩២ កយ.ប្រក/១៧) ស្តីពីការតាំងស៊ប ក្នុងក្របខណ្ឌ ៤៩រូប ចុះថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៧ និង (ប្រកាសក្រសួងលេខ ១៤៥ កយ.ប្រក/១៨ ) ស្ដីពីការតាំងស៊ប់មន្ត្រីរាជការស៊ីវិល នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ និងតាមសាលា ជម្រះក្តីគ្រប់ជាន់ថ្នាក់ ក្នុងក្របខណ្ឌក្រសួងយុត្តិធម៌ ចំនួន២៣៩ រូប ចុះថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០១៨ ហើយការតែងតាំង បានអនុវត្តគោលការណ៍នៃការតែងតាំង មន្ត្រីរាជការ ដោយផ្អែកជាពិសេសទៅលើគុណវុឌ្ឍន៍ សីលធម៌ បទពិសោធន៍ និងស្មារតីទទួលខុសត្រូវការងារ។

បើយោងប្រកាសតាំងស៊ប់មន្ត្រី៤រូប នៃលេខាធិការដ្ឋានសាលាដំបូងខេត្តកំពង់ឆ្នាំង ទទួលបានការតែងតាំងរួមមាន៖

១ ៖ លោក ជុំ សំបូរ ជាប្រធានការិយាល័យកិច្ចការរដ្ឋបាល និងបុគ្គលិក (ប្រកាសតាំងស៊ប ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៧ លេខ ១៩២ កយ.ប្រក/១៧)។
២៖ លោក ស៊ឹម កុសល ជាប្រធានការិយាល័យកិច្ចការហិរញ្ញវត្ថុ (ប្រកាសតាំងស៊ប ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ លេខ ១៤៥ កយ.ប្រក/១៨)។
៣៖ លោក គីវ សុខ ជាអនុប្រធានការិយាល័យកិច្ចការហិរញ្ញវត្ថុ (ប្រកាសតាំងស៊ប ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៨ លេខ ១៤៥ កយ.ប្រក/១៨)។
៤៖ លោក រៀម សាវ៉ាន ជាប្រធានការិយាល័យកិច្ចការតុលាការ (ប្រកាសតាំងស៊ប ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៨ លេខ ១៤៥ កយ.ប្រក/១៨)៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ដែលមានខ្លឹមសារទាំងស្រុង៖