(ព្រះសីហនុ)៖ រថយន្តសរុបចំនួន ១០គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចស្ទួចយកទៅរក្សាទុកនៅសាលាក្រុងព្រះសីហនុនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ។ នេះបើតាម​ការបញ្ជាក់របស់លោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ។

បើតាមការបញ្ជាក់របស់លោកអភិបាលក្រុង បានឱ្យដឹងថា រថយន្តទាំងនេះចតចោលលើផ្លូវសាធារណៈនាំឱ្យប៉ះពាល់ដល់សណ្តាប់។

អាជ្ញាធរក្រុងព្រះសីហនុ កន្លងទៅធ្លាប់បានប្រកាសជូនដំណឹងរួចហើយដល់សាធារណជនឱ្យទុកដាក់រថយន្តរបស់ខ្លួនឱ្យបានត្រឹមត្រូវ។ ជាពិសេសកុំចតចោលនៅលើផ្លូវ​សាធារណៈ ដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់។

ការស្ទួចរថយន្តទាំងនេះ គឺជាចំណាត់ក្តៅមួយរបស់អាជ្ញាធរក្រុងព្រះសីហនុ បន្ទាប់ពីសង្កេតឃើញថាម្ចាស់រថយន្តនៅតែគឃ្លើនមិនស្តាប់ការអំពាវ​នាវរបស់អាជ្ញាធរបន្តចត​រថយន្តលើផ្លូវសាធារណៈនាំឱ្យប៉ះពាល់សណ្តាប់ធ្នាប់៕