(ភ្នំពេញ)៖ លោក Vivian Balakrishnan រដ្ឋមន្ត្រីក្រសួងការបរទេសសិង្ហបូរី បានផ្ញើសាររំលែកទុក្ខចំពោះជនរងគ្រោះ ដែលបានបាត់បង់ជីវិត និងរងរបួស នៅក្នុងឧបទ្ទវហេតុបាក់អាគារ ដែលបានកើតឡើងនៅថ្ងៃទី២២ ខែមិថុនា នៅខេត្តព្រះសីហនុ។

ក្នុងសាររំលែកទុក្ខរបស់លោក Vivian Balakrishnan ដែលផ្ញើទៅកាន់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៨ ខែមិថុនានេះ រដ្ឋមន្ត្រីការបរទេសសិង្ហបូរី បានចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារ ដែលបានបាត់បង់សមាជិកគ្រួសាររបស់ខ្លួន ក្នុងសោកនាដកម្មដ៏សោកសៅនេះ និងជូនពរអ្នករងរបួស សូមបានជាសះស្បើយឆាប់រហ័ស។

លោក Vivian Balakrishnan បានបញ្ជាក់ក្នុងសាររំលែកនោះយ៉ាងដូច្នេះថា៖ «ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាទីគោរព, ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះជនរងគ្រោះដែលបានបាត់បង់ជីវិត និងរងរបួស នៅក្នុងឧបទ្ទវហេតុបាក់អាគារ ដែលបានកើតឡើងនៅថ្ងៃទី២២ ខែមិថុនា នៅខេត្តព្រះសីហនុ។ ដូចដែលលោកនាយករដ្ឋមន្ត្រី លី សៀនឡុង បានមានប្រសាសន៍ទៅកាន់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីជំនួបនៅទីក្រុងបាងកកថ្មីៗនេះថា ប្រទេសសិង្ហបុរីត្រៀមខ្លួនជានិច្ច ក្នុងការផ្ដល់ជាជំនួយ ក្នុងករណីប្រទេសកម្ពុជាត្រូវការ»

រដ្ឋមន្ត្រីការបរទេសសិង្ហបូរីបានបន្តថា «សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ ដែលបានបាត់បង់សមាជិកគ្រួសាររបស់ខ្លួន ក្នុងសោកនាដកម្មដ៏សោកសៅនេះ និងជូនពរអ្នករងរបួស សូមបានជាសះស្បើយឆាប់រហ័ស។ សូមទទួលនូវការរំលែកទុក្ខ ដ៏ក្រៀមក្រំបំផុតពីរូបខ្ញុំ»

គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ មានករណីរលំបាក់អគារកម្ពស់៧ជាន់ គ្មានច្បាប់អនុញ្ញាតមួយ នៅខេត្តព្រះសីហនុ។ ករណីនេះ បណ្តាលឱ្យមានមនុស្សស្លាប់២៨នាក់ និងរបួស២៦នាក់ ដែលក្រុមអ្នករុករក និងសង្រ្គោះបានប្រើប្រាស់រយៈពេល២ថ្ងៃកន្លះ ទើបអាចរកជនរងគ្រោះ ដែលកប់ក្នុងគំនរកម្ទេចអគារ ឃើញអស់ផងដែរ៕