(សេអ៊ូល)៖ បេសកជនពិសេសអាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើង លោក Stephen Biegun នៅថ្ងៃសុក្រនេះបានអះអាងថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីរៀបចំកិច្ចសន្ទនា ប្រកបដោយលក្ខណៈស្ថាបនាជាមួយកូរ៉េខាងជើង។ នេះបើតាម ក្រសួងការបរទេសកូរ៉េខាងត្បូង ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៩។

បើតាមក្រសួងការបរទេសកូរ៉េខាងត្បូង លោក Stephen Biegun ក៏បានបញ្ជាក់នៅក្នុងជំនួប ជាមួយសមភាគីរបស់លោក គឺលោក Lee Do-hoon ដែរថាទីក្រុងវ៉ាស៊ីនតោនចង់ជំរុញឱ្យមាន ការរីកចំរើនទៅមុខ ចំពោះកិច្ចព្រមព្រៀងដែលលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំកំពូលនៅប្រទេសសិង្ហបុរី កាលពីឆ្នាំ២០១៨។

គួរជម្រាបថា នៅក្នុងកិច្ចប្រជុំនៅសិង្ហបុរី កាលពីខែមិថុនា ឆ្នាំ២០១៨ លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បានឯកភាពក្នុងការបង្កើតទំនាក់ទំនងថ្មីមួយ និងធ្វើការងាររួមគ្នាពាក់ព័ន្ធនឹង ការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។ ប៉ុន្តែ កិច្ចព្រមព្រៀងត្រូវជាប់គាំង មកទល់បច្ចុប្បន្ន ក្រោយជំនួបរវាងមេដឹកនាំទាំងពីរ នៅវៀតណាមកាលពីខែកុម្ភៈកន្លងទៅ ទទួលបរាជ័យ។

យ៉ាងណាក៏ដោយ លោក ដូណាល់ ត្រាំ នៅក្នុងសប្ដាហ៍នេះ នៅតែបញ្ជាក់ដដែលថាលោកអាចនឹង ជួបលោក គីម ជុងអ៊ុន ជាថ្មីនៅពេលវេលាស័ក្តិសមណាមួយ ខណៈលោកនឹងត្រូវពិភាក្សាពីសំណុំ រឿងកូរ៉េខាងជើង ជាមួយប្រធានាធិបតីកូរ៉េខាងត្បូងក្នុងទីក្រុងសេអ៊ូល នៅចុងសប្ដាហ៍នេះ៕