(ភ្នំពេញ)៖ ចៅក្រម Michael Bohlander បានដាក់ពាក្យសុំលាឈប់ពីមុខតំណែងជាសហចៅក្រមស៊ើបអង្កេតអន្តរជាតិ ខណៈការស៊ើបអង្កេត ទៅសេសសល់ចុងក្រោយក្នុងសំណុំរឿង ០០៤ ត្រូវបានបញ្ចប់ត្រឹមថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ។ បើតាមអ្នកនាំពាក្យសាលាក្តីខ្មែរក្រហម លោក នេត្រ ភក្រ្តា បានឱ្យដឹងនៅថ្ងៃទី២៨ ខែមិថុនានេះ ថា ការដាក់ពាក្យលាលែងពីមុខតំណែង របស់ចៅក្រម Michael Bohlander បន្ទាប់ពីលោកបានបញ្ចប់ការងាររបស់ខ្លួន។

សូមជម្រាបថា ចៅក្រម Michael Bohlander គាត់បានបំពេញការងារជាសហចៅក្រមស៊ើបអង្កេតបម្រុងអន្តរជាតិពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ នៅពេលគាត់ចូលកាន់ការងារបន្តពីចៅក្រម Mark B. Harmon ក្នុងមជាសហចៅក្រមស៊ើបអង្កេតអន្តរជាតិទី៥ ចាប់តាំងពីការបង្កើត អ.វ.គ.ក មក។

គាត់ទទួលស្គាល់ថា នេះជាកិត្តិយស និងជាបុព្វសិទ្ធិមួយដែលបានបំពេញការងារជាសហចៅក្រមស៊ើបអង្កេតអន្តរជាតិ និងបានធ្វើការរួមគ្នាជាមួយសហចៅក្រមស៊ើបអង្កេតជាតិ លោក យូ ប៊ុនឡេង និងក្រុមការងាររបស់គាត់។ ជាពិសេស គាត់សូមថ្លែងអំណរគុណ ដល់សមាជិកក្រុមការងារទាំងអស់របស់គាត់ រួមមានបុគ្គលិកមន្ត្រីកិច្ចសន្យា និងបុគ្គលិកកម្មសិក្សា ចំពោះការងារដ៏មានតម្លៃ ការគាំទ្រ និងភាពស្មោះត្រង់របស់ពួកគេ ហួសពីភារកិច្ចដែលត្រូវបំពេញ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ទោះបីស្ថិតក្នុងស្ថានភាពលំបាកលំបិនយ៉ាងណាក្តី។

ចៅក្រម Bohlander នឹងងវិលត្រឡប់ទៅប្រទេសអង់គ្លេសវិញ ដើម្បីបំពេញការងារជាប្រធានផ្នែកនីតិប្រៀបធៀប និងនីតិព្រហ្មទណ្ឌអន្តរជាតិ ទៅមហាវិទ្យាល័យនីតិសាស្ត្រ Durham ដែលគាត់បានសុំច្បាប់សម្រាកចាប់តាំងពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ មក។ គាត់ក៏នឹងទទួលយក ការងារជាសមាជិកនៃក្រុមចៅក្រមបម្រុង នៅក្នុងអង្គជំនុំជម្រះពិសេសសម្រាប់ Kosovo នៅទីក្រុងឡាអេ ដែលគាត់បានទទួលការតែងតាំង ក្នុងខែកុម្ភៈ ឆ្នាំ២០១៧៕