(ភ្នំពេញ)៖ លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានវាយតម្លៃខ្ពស់ដល់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ដែលបានចូលរួមចំណែកយ៉ាងច្រើន នៅក្នុងសង្គមជាតិ ដែលជាយុទ្ធសាស្ត្រអហិង្សា រួបរួមគ្នា បង្ហាញពីចំណុចវិជ្ជមាន ព្រមទាំងបានរៀបចំខ្លួនឱ្យក្លាយជាប្រជាពលរដ្ឋល្អ ដោយមិនទាមទារអ្វីមួយដែលលើសពីច្បាប់រដ្ឋបានកំណត់ និងរស់នៅយ៉ាងសុខក្សេមក្សាន្ត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ការបង្ហាញពីមោទនភាព និងវាយតម្លៃខ្ពស់របស់មេសិទ្ធិមនុស្សកម្ពុជា បានធ្វើឡើងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោក បានអញ្ជើញជាអធិបតីភាព ពិធីកិច្ចសន្ទនាស្តីពី ច្បាប់និងគោលនយោបាយសាធារណៈ គាំពារសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នានៅប្រទេសកម្ពុជា ស្ថិតនៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ។

លោក កែវ រ៉េមី បានថ្លែងយ៉ាងដូច្នេះថា៖ «អរគុណក្មួយប្រធានសហគមន៍ឥន្ទធនូ ដែលក្មួយបង្ហាញជំហរ របៀបដឹកនាំ ជាយុទ្ធវិធី ជាយុទ្ធសាស្ត្រអហិង្សា រួបរួមគ្នា បង្ហាញពីចំណុចវិជ្ជមានរបស់ក្រុមអ្នក ស្រឡាញ់ភេទដូចគ្នា រៀបចំខ្លួនឱ្យល្អ ឱ្យក្លាយខ្លួនជាប្រជាពលរដ្ឋល្អ រួបរួមគ្នាក្រោមការដឹកនាំរបស់រដ្ឋាភិបាល នៅក្នុងសង្គមជាតិមួយសំដៅលើភាពសុខដុម ដែលមានសារសំខាន់ខ្លាំងណាស់»

លោកបានបន្តថា ដូច្នេះសូមក្មួយដែលស្រឡាញ់ភេទដូចគ្នា សូមកុំព្រួយបារម្ភ ឱ្យសោះ ជាក់ស្តែងសូម្បីតែមនុស្សប្រុស ស្រី ដែលបានរៀបការរួចហើយ ក៏នៅជួបការលំបាកទៅលើសិទ្ធិសម្រេចចិត្ត របស់ពួកគេផងដែរ តួយ៉ាងជារឿយៗ ពួកគេតែងតែទទួលបាន នូវការលូកលាន់កិច្ចផ្ទៃក្នុង គ្រួសារពីសំណាក់ ឪពុក ម្តាយ រហូតឈានទៅដល់ការលែងលះគ្នា ក៏មានដែរ។ ដូច្នេះ សូមក្មួយៗដែលស្រឡាញ់ដូចគ្នា កុំព្រួយបារម្ភច្បាប់នឹងមានការវិវឌ្ឍ កាលណាសង្គមជាតិទទួលស្គាល់ ការកាត់បន្ថយការរើសអើង ប្រើអំពើហិង្សានៅក្នុងគ្រួសារ មិត្តភក្តិ អញ្ចឹងច្បាប់ នឹងមានការវិវឌ្ឍ ពីព្រោះរាជរដ្ឋាភិបាលមានការគាំទ្ររួចទៅហើយ។ ក៏ប៉ុន្តែចំណុចដែលប្រឈម គឺការប្រឈមជាមួយប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ សហគមន៍ ឪពុក ម្តាយ មិត្តភក្តិ និងមនុស្សនៅជុំវិញខ្លូនរបស់យើង ទាំងនេះគឺជាបញ្ហាប្រឈម របស់ប្រពៃណីរបស់ខ្មែរយើងតាំងពីបុរាណ។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារូបនេះ បានបន្តថា សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់មានប្រសាសន៍គាំទ្រកាលពីឆ្នាំ២០០៤មកម្ល៉េះ ព្រមទាំងប្រកាសជាបន្តបន្ទាប់មកទៀត ហើយនៅព្រឹកថ្ងៃទី៣០ ខែធ្នូនេះ នៅឱកាសខួប១០ឆ្នាំ នៃសហគមន៍ឥន្ទធនូកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏មានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «យើងត្រូវឈានមុខលើការមិនរើសអើង»។ នេះគឺជាសារដ៏មានសារៈសំខាន់ដែលមិនអាចកាត់ថ្លៃបាន សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា នៅក្នុងសហគមន៍ឥន្ទធនូកម្ពុជាទាំងមូលផងដែរ។

លោក កែវ រ៉េមី បានបញ្ជាក់ថា គោលនយោបាយគាំទ្រក្រុមអ្នកស្រឡាញ់ភេទដូចគ្នា របស់សម្តេចតេជោ ប្រមុខនៃរដ្ឋាភិបាលនេះហើយ គឺជាចំណុចវិជ្ជមានមួយដ៏ល្អបំផុត វិសេសវិសាល គឺថ្នាក់ដឹកនាំរដ្ឋាភិបាល អត់មានការរើសអើង ហើយនេះជាសារវិជ្ជមានមួយដល់មានតម្លៃ នៅក្នុងនាមប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលបានទៅចូលរួមនៅក្នុងក្រុមប្រឹក្សានៃអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ កន្លងទៅ ដោយបានដាក់សាររបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុង UPR ក្នុងការបើកជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអន្តរជាតិ ដោយបញ្ជាក់យ៉ាងច្បាស់ ពីជំហររបស់រដ្ឋាភិបាលកម្ពុជា នៅចំពោះមុខអន្តរជាតិ គឺមិនមានការរើសអើងក្រុមអ្នកស្រឡាញ់ភេទដូចគ្នានោះទេ។

លោក កែ រ៉េមី បានបន្ថែមទៀតថា នេះគឺជាសារមួយដែលមានសារៈសំខាន់ខ្លាំងណាស់ដែលធ្វើសហគមន៍ឥន្ទធនូ និងអ្នកស្រឡាញ់ភេទដូចគ្នា មានការរីករាយយ៉ាងខ្លាំង នូវអ្វីដែលពួកគេបានយល់ឃើញថា ជាដាវពិសិទ្ធិ ជាឱសថទិព្វ ដែលប្រមុខនៃរាជរដ្ឋាភិបាលបានគាំទ្រដល់ពួកគេផងដែរ ហើយអ្វីដែលរដ្ឋាភិបាលបានផ្តល់ឱ្យគឺជាការវិវត្តន៍ នៃការគោរពសិទ្ធិមនុស្សខ្លាំងណាស់នៅក្នុងប្រទេសកម្ពុជា ដែលរាជរដ្ឋាបាលបានខិតខំ ប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីធានាឱ្យបាននូវស្ថិរភាពសង្គម ធានានូវសន្តិភាពសង្គមជាតិ។ បើសិនបើគោលនយោបាយរបស់រដ្ឋាភិបាល មានការរឹតបន្តឹង នោះក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ពិបាក ក្នុងការតស៊ូមតិខ្លាំងណាស់ ក៏ប៉ុន្តែជាការល្អមែនទែន បងប្អូនអ្នកស្រឡាញ់ភេទដូចគ្នា អាចរួបរួមគ្នា ដើម្បីតវ៉ាតាមវិធានការណ៍អហិង្សា ប្រមូលផ្តុំគ្នាក្នុងពន្លឺសំលេង ដើម្បីឱ្យមជ្ឈដ្ឋាននានាបានដឹងទាំងនេះ គឺមានការគាំទ្រពីរដ្ឋាភិបាលផងដែរ។

មេសិទ្ធិមនុស្សកម្ពុជាដដែល បានបញ្ជាក់ថា ស្ថិរភាពសង្គម និងសន្តិភាពសង្គមនេះហើយ ដែលជំរុញឱ្យមានការលើកកម្កើននៃវិស័យសិទ្ធិមនុស្ស អញ្ចឹងដើម្បីធានានូវសិទ្ធិរបស់ពួកគេបន្តទៅទៀត លោកក៏បានអំពាវនាវឱ្យពួកគេចូលរួមនៅក្នុងសង្គមជាតិយើង ចូលរួមនូវសកម្មភាព របស់រាជរដ្ឋាភិបាល ដើម្បីធានាបន្តទៀតនូវស្ថិរភាព និងសន្តិភាព ព្រមទាំងឱ្យក្រុមអ្នកស្រឡាញ់ភេទដូច គ្នាបង្ហាញនូវសមត្ថភាព និងទេពកោសល្យរបស់ពួកគេ ហើយកុំឱ្យមានការប៉ះពាល់នូវផ្នែកណាមួយរបស់សង្គមជាតិផងដែរ។