(ភ្នំពេញ)៖ សិស្សនិស្សិតកម្ពុជា ចំនួន៨៣រូប នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានអញ្ជើញចាកចេញពីកម្ពុជា ដើម្បីបន្តការសិក្សារយៈពេល៣ឆ្នាំ នៅប្រទេសចិន។

ការចេញទៅបន្តការសិក្សា នៅក្រៅប្រទេសនេះ បានធ្វើឡើងបន្ទាប់ពីពួកគាត់ ទទួលបានអាហារូបករណ៍ ដែលផ្តល់ដោយគណៈកម្មាធិការ គ្រប់គ្រងមូលនិធិអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ នៃប្រជាជាតិចិន ក្រោមគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយ របស់ប្រទេសចិន តាមរយៈសមាគមមូលនិធិ សុខុមាលភាពសាធារណៈ កម្ពុជា-ចិន។

លោកស្រីឧកញ៉ា កែវ មុំ អនុប្រធានសមាគមមូលនិធិ សុខុមាលភាពសាធារណៈ កម្ពុជា-ចិន និងជានាយិការ ក្រុមហ៊ុន លី លី ហ្វូដ អ៊ិនដាសទ្រី ខូអិលធីឌី បានប្រាប់ឲ្យដឹងថា សិស្ស-និស្សិត ដែលជាប់អាហារូបករណ៍ វគ្គទី៣នេះ គឺមកពីស្ថាប័នផ្សេងៗដូចជា ៖ ក្រសួងបរិស្ថាន, សហភាពសហព័ន្ធយុវជនកម្ពុជា, សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជកម្ពុជា, សមាគមយុវជនក្រុម៨, ក្រុមហ៊ុន លី លី ហ្វូដ អ៊ីនដាសទ្រី ខូអិលធីឌី និងនិស្សិតមកពីគ្រប់បណ្តាខេត្តក្រុង នៃប្រទេសកម្ពុជា។

លោកស្រីបន្តថា អាហារូបករណ៍នេះ មានមុខជំនាញចំនួន៣ ទី១៖ ជំនាញមេកានិក មាន៣០នាក់ នៅសាលា Anhui Water Conservancy Technical College, ទី២៖ ជំនាញបច្ចេកវិទ្យាថាមពលថ្មីសម្រាប់រថយន្ត មាន២៧នាក់ នៅសាលា Anhui Technical College of Mechanical, ទី៣៖ ជំនាញជួសជុល និងថែទាំរថយន្ត មាន២៦នាក់ នៅសាលា Wuhu Institute of Technology។

ក្រៅពីផ្តល់អាហារូបករណ៍១០០ភាគរយ សិក្សាជំនាញ រយៈពេល៣ឆ្នាំនេះ, សមាគមបានផ្តល់ជូន វគ្គបំប៉នភាសាចិន, ផ្តល់កន្លែងស្នាក់នៅ ហូបចុក, ប្រាក់ហោប៉ៅ១០០០យ័ន ក្នុងមួយខែ និងសំបុត្រយន្តហោះ ទៅមកផងដែរ។

គួរជម្រាបថា នេះគឺជាលើកទី៣ហើយ ដែលសិស្ស-និស្សិតកម្ពុជា បានទទួលអាហារូបករណ៍ តាមរយៈសមាគមមូលនិធិ សុខុមាលភាពសាធារណៈកម្ពុជា-ចិន ដោយ២លើកកន្លងមក បានបញ្ជូនសិស្ស-និស្សិត ចំនួន៦២នាក់ ទៅសិក្សានៅប្រទេសចិន លើជំនាញអេឡិចត្រូនិក និងជំនាញគ្រូមត្តេយ្យ៕