(ភ្នំពេញ)៖ កំណាត់ផ្លូវជាតិលេខ៥ និងប្រព័ន្ធលូបង្ហូរទឹក ចាប់ពីចំណុចផ្លូវភ្លោះ ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលរងការខូចខាតនូវមួយអន្លើ នឹងត្រូវបើកការដ្ឋានជួសជុលទាំងផ្លូវ និងដាក់ប្រព័ន្ធលូបង្ហូរឡើងវិញ ក្នុងពេលឆាប់ៗខាងមុខនេះ ដោយប្រើប្រាស់គម្រោងកញ្ចប់ថវិកា របស់សាលារាជធានីភ្នំពេញ ដើម្បីរំដោះការជន់លិចដោយសារជំនន់ទឹកភ្លៀងនារដូវវស្សា ក្នុងការសម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋ។

នេះបើតាមការប្រកាសបញ្ជាក់ ក្នុងពេលដឹកនាំមន្ត្រីសាធារណៈពាក់ព័ន្ធមួយចំនួន ដើម្បីចុះត្រួតពិនិត្យជាក់ស្ដែង ក្នុងការស្ដារប្រព័ន្ធលូបណ្ដោះអាសន្នដោយ លោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩។

លោក ជា ពិសី បានថ្លែងថា តាមការចុះត្រួតពិនិត្យជាក់ស្ដែង ច្រើនលើកច្រើនសារ ទៅលើប្រព័ន្ធលូបង្ហូររំដោះទឹក ពិតជាមានរងការខូចខាតនូវមួយអន្លើ ប្រាកដណាស់ ព្រោះមានការកកស្ទះទឹកមិនអាចហូរបានលឿន នៅពេលដែលមានភ្លៀងធ្លាក់ម្ដងៗ នារដូវវស្សា បណ្ដាលឲ្យរងការខូចខាតដល់កំណាត់ ផ្លូវជាតិលេខ៥ថែមទៀត ចាប់ពីចំណុចផ្លូវភ្លោះ សង្កាត់គីឡូម៉ែត្រលេខ៦។

លោកអភិបាលខណ្ឌ បានថ្លែងទៀតថា ដើម្បីបង្ការទប់ស្កាត់កុំឲ្យមានការខូចខាតប្រព័ន្ធលូ និងកំណាត់ផ្លូវជាតិលេខ៥ កាន់តែធ្ងន់ធ្ងរថែមទៀត ក្នុងការរួមចំណែកកាត់បន្ថយថវិកាជាតិ, សាលារាជធានីភ្នំពេញ ក្រោមការដឹកនាំដោយលោក ឃួង ស្រេង ក្នុងពេលឆាប់ៗខាងមុខនេះ និងសម្រេចប្រើកញ្ចប់ថវិកា ក្នុងការបើកការដ្ឋានជួសជុលទាំងផ្លូវ និងដាក់ប្រព័ន្ធលូឡើងវិញ ដើម្បីរំដោះការជន់លិចពីជំនន់ទឹកភ្លៀង ដែលជាការឆ្លើយតបឲ្យទាន់សភាពការ និងតម្រូវការចាំបាច់ជូនប្រជាពលរដ្ឋធ្វើដំណើរងាយស្រួល៕