(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី បានបង្ហាញជំនឿជឿជាក់ថា ទេសរដ្ឋមន្ដ្រី គន់ គីម ដែលទើបប្រកាសឲ្យចូលកាន់តំណែងជា អនុប្រធានទី១ នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយ នឹងដឹកនាំការងារមួយនេះទទួលបានជោគជ័យ និងរីកចម្រើនបន្ថែមទៀត សម្ដៅកាត់បន្ថយគ្រោះមហន្ដរាយនៅកម្ពុជា។

ក្នុងពិធីប្រកាសចូលកាន់តំណែង នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ ឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន ក៏បានណែនាំដល់ ទេសរដ្ឋមន្ដ្រី គន់ គីម កុំផ្លាស់ប្ដូររចនាសម្ព័ន្ធ ពិសេសមន្ដ្រីដែលកំពុងមានតួនាទី និងបំពេញការងារនៅពេលបច្ចុប្បន្ន ហើយត្រូវបន្ដគ្រប់គ្រងសតិអារម្មណ៍ឲ្យបានល្អ មិនត្រូវប្រកាន់បក្ខពួកនិយមនោះទេ។ ប៉ុន្ដែប្រសិនបើមន្ដ្រីនោះមិនបំពេញការងារត្រឹមត្រូវ តាមការណែនាំទេ អាចផ្លាស់ប្ដូរបាន។

លើសពីនេះ ឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន ក៏បានផ្ដាំផ្ញើដល់មន្ដ្រីដែលកំពុងបំពេញការងារ នៅក្នុងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយ ត្រូវតែខិតខំបំពេញការងារជាមួយថ្នាក់ដឹកនាំថ្មី ដែលមានលោក គន់ គីម ជាអនុប្រធានទី១ ហើយត្រូវប្រកាន់គោលការណ៍ និងគោរពតាមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ឧបនាយករដ្ឋមន្ដ្រី រូបនេះបានពន្យល់ថា សតិអារម្មណ៍នៃការដឹកនាំមិនដូចគ្នាទេ ពោលមន្ដ្រីទាំងអស់ត្រូវតែរៀនផ្លាស់ប្ដូរឥរិយាបថ និងត្រូវចេះសម្របសម្រួលខ្លួន ហើយត្រូវខិតខំប្រឹងប្រែងធ្វើការទាំងអស់គ្នា ពោលត្រូវថែទាំតួនាទីរបស់ខ្លួនដែលកំពុងមាននាពេលបច្ចុប្បន្នឲ្យបានល្អប្រសើរ។ លើសពីនេះ មិនត្រូវមើលបំណាំគ្នានោះឡើយ។

ជាការប្ដេជ្ញាចិត្ត ក្នុងពេលទទួលបានតួនាទីថ្មី ទេសរដ្ឋមន្ដ្រី គន់ គីម បានសន្យាថា នឹងខិតខំអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាសា្មរតី និងសាមគ្គីផ្ទៃក្នុងខ្ពស់ ក្នុងការបំពេញការងារតាមមុខនាទី និងភារកិច្ច ដែលរាជរដ្ឋាភិបាល ពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រគល់ជូនដើម្បីបម្រើជាតិ មាតុភូមិ។

ទេសរដ្ឋមន្ដ្រី គន់ គីម បានធ្វើការប្ដេជ្ញាចិត្តយ៉ាងដូច្នេះថា «ខ្ញុំប្ដេជ្ញាអនុវត្តយ៉ាងស៊ីជម្រៅ រួមនឹងសហការីធ្វើជាសេនាធិការជូន សម្ដេចប្រធាន និងជាអ្នកប្រតិបត្តិ ជាអ្នកសម្របសម្រួលប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។ អនុវត្តគោលនយោបាយជាអាទិភាព របស់រដ្ឋាភិបាលនីតិកាលទី៦ និងអាណត្តិរបស់គណៈកម្មាធិការជាតិគ្រប់គ្រងមហន្ដរាយ យើងខ្ញុំនឹងរង់ចាំស្ដាប់មតិណែនាំ ដឹកនាំរបស់ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន យកទៅអនុវត្តឲ្យមានប្រសិទ្ធភាព»

ជាមួយគ្នានេះ លោក គន់ គីម ក៏បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ ក្រសួងស្ថាប័ននានា ជួយធ្វើជាសេនាធិការជូនសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ តាមការងារជាក់ស្ដែងកើតឡើង ហើយក្នុងនាមលោកផ្ទាល់ នឹងខិតខំប្រឹងប្រែងធ្វើជាសេនាធិការយ៉ាងល្អ ជូនសម្ដេចតេជោ ហ៊ុន សែន។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បានចេញសេចក្តីសម្រេចមួយ តែងតាំងលោក គន់ គីម ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជំនួសលោក ញឹម វណ្ណដា ដែលត្រូវបានដកចេញពីតំណែង។

មូលហេតុដែលដកតំណែង លោក ញឹម វណ្ណដា ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ដោយសារតែខ្វះការទទួលខុសត្រូវ និងភូតភរ ក្រោយឧបទ្ទហេតុ រំលំបាក់អគារ៧ជាន់ ដែលបណ្តាលឲ្យមនុស្សស្លាប់ និងរបួសរាប់សិបនាក់។

គួរជម្រាបថា បច្ចុប្បន្នទេសរដ្ឋមន្ដ្រី គន់ គីម មានតួនាទីជា អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានសមាគម។
ក្នុងតួនាទីជា អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា គេងសង្កេតឃើញថា លោក គន់ គីម បានបំពេញការងារយ៉ាងសស្រាក់សស្រាំមិនខ្លាចនឿយហត់ ដើម្បីចុះទៅដល់មូលដ្ឋាន ក្នុងគោលបំណងស្វែងយល់ពីជីវភាព និងការរស់នៅប្រចាំថ្ងៃរបស់សមាជិក សមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងដោះស្រាយនូវបញ្ហាប្រឈមមួយចំនួនទៀតផងដែរ៕