(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បាននិងកំពុងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំបង្កើតលិខិតបទដ្ឋានគតិយុត្តដែលនៅសេសសល់ និងដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍ នៃឧស្សាហកម្មទេសចរណ៍ ក្នុងនោះមានច្បាប់អេកូទេសចរណ៍ និងច្បាប់ឆ្នេរសមុទ្រកម្ពុជា អនុក្រឹត្យចំនួន ៩ ប្រកាសចំនួន ២៦ និងសេចក្តីសម្រេចមួយចំនួនតាមការចង្អុលបង្ហាញរបស់អនុក្រឹត្យ។

ការលើកឡើងនេះត្រូវបានធ្វើឡើង ក្នុងពិធីបើសិក្ខាសាលាផ្សព្វផ្សាយស្តីពីច្បាប់ និងនីតិវិធីនៃការតាក់តែងលិខិតបទដ្ឋានគតិយុត្តទេសចរណ៍ ក្រោមអធិបតីភាពលោក កើត ពុទ្ធវរី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ពេជ្រ សុខា អគ្គលេខាធិការរងនៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមប្រតិបត្តិលិខិតបទដ្ឋាគតិយុត្ត នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យវេស្ទើន ខណ្ឌទួលគោក។

លោក ស៊ូ គឹមព្រឹទ្ធា ប្រធាននាយកដ្ឋាននីតិកម្ម នៃក្រសួងទេសចរណ៍ បានឱ្យដឹងថា សិក្ខាសាលាខាងលើនេះធ្វើឡើងក្នុងគោលបំណង ដើម្បីជំរុញការរៀបចំបង្កើតលិខិតបទដ្ឋានគតិយុត្តទេសចរណ៍ ឲ្យសម្រេចបានតាមផែនការដែលបានគ្រោងទុក និងដើម្បីអភិវឌ្ឍសមត្ថភាព និងចែករំលែកចំណេះដឹងអំពីច្បាប់ នីតិវិធីនៃការរៀបចំបង្កើត និងវាយតម្លៃផលប៉ពាល់លិខិតបទដ្ឋានគតិយុត្ត ជូនមន្ត្រីដែលទទួលខុសត្រូវ ក្នុងការរៀបចំបង្កើតលិខិតបទដ្ឋានគតិយុត្តទេសចរណ៍។

លោក ស៊ូ គឹមព្រឹទ្ធា បានបន្តថា យោងតាមច្បាប់ស្តីពីទេសចរណ៍ តម្រូវឲ្យក្រសួងទេសចរណ៍បង្កើតលិខិតបទដ្ឋានគតិយុត្តរណប រួមមាន៖ គោលនយោបាយ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ តំបន់ ថ្នាក់ក្រោមជាតិ អនុក្រឹត្យចំនួន៩ ប្រកាស និងប្រកាសអន្តរក្រសួងចំនួន ៧៥ ធម្មនុញ្ញ លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់សមាគម ក្រមសីលធម៌ និងក្រមប្រតិបត្តិវិជ្ជាជីវៈ។

ជាលទ្ធផល នៅឆ្នាំ២០០៩-២០១៨ អង្គភាពជំនាញក្រោមឱវាទក្រសួង បានបង្កើតលិខិតបទដ្ឋានគតិយុត្តសរុបចំនួន ៧០ ក្នុងនោះ
១. គោលនយោបាយចំនួន២៖ គោលនយោបាយជាតិលើវិស័យទេសចរណ៍ និងគោលនយោបាយជាតិអេកូទេសចរណ៍ ឆ្នាំ២០១៩-២០៣០។
២. ផែនការយុទ្ធសាស្រ្តចំនួន២៖ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិទេសចរណ៍ ឆ្នាំ២០១២-២០២០ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ឆ្នាំ២០១៧-២០២៥។
៣. អនុក្រឹត្យចំនួន៦៖ អនុក្រឹត្យស្តីពីតំបន់ទេសចរណ៍ពិសិដ្ឋ អនុក្រឹត្យស្តីពីការបង្កើតក្រុមប្រឹក្សាសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃសាលាវិជ្ជាជីវៈទេសចរណ៍ អនុក្រឹត្យស្តីពីមគ្គុទ្ទេសក៍ទេសចរណ៍ អនុក្រឹត្យស្តីពីការគ្រប់គ្រងមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ និងអនុក្រឹត្យស្តីពីចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍។
៤. ប្រកាស និងប្រកាសអន្តរក្រសួងចំនួន ៥៨។
៥. ក្រមសីលធម៌ និងក្រមប្រតិបត្តិវិជ្ជាជីវៈចំនួន ២៖ ក្រមសីលធម៌ និងក្រមប្រតិបត្តិវិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ ក្រមសីលធម៌ និងក្រមប្រតិបត្តិវិជ្ជាជីវៈ សម្រាប់ការីនិងភ្នាក់ងារទេសចរណ៍។

លោកបានបន្តថា «ក្រសួងទេសចរណ៍ ត្រូវបន្តរៀបចំបង្កើតលិខិតបទដ្ឋានគតិយុត្តដែលនៅសេសសល់ និងដើម្បីឆ្លើយតបតាមការវិវឌ្ឍនៃឧស្សាហកម្មទេសចរណ៍ រួមមាន៖ ១. ច្បាប់ចំនួន២ គឺច្បាប់អេកូទេសចរណ៍ និងច្បាប់ឆ្នេរសមុទ្រកម្ពុជា, ២. អនុក្រឹត្យចំនួន៩ និង៣. ប្រកាសចំនួន២៦ និងសេចក្តីសម្រេចមួយចំនួន តាមការចង្អុលបង្ហាញរបស់អនុក្រឹត្យ»។

លោក កើត ពុទ្ធវរី បានឱ្យដឹងថា ក្រោមការដឹកនាំរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត គឺជាទិសដៅយុទ្ធសាស្ត្រអាទិភាព សម្រាប់គ្រប់គ្រងនិងអភិវឌ្ឍន៍ទេសចរណ៍ប្រកប ដោយនិរន្តរភាព បរិយាបន្ន និងអភិបាលកិច្ចល្អ ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយនិរន្តភាពរបស់ អង្គការសហប្រជាតិ (SDGs) និងបានកំណត់ក្នុងគោលនយោបាយជាតិលើវិស័យទេសចរណ៍ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០១២-២០២០ ផងដែរ។

លោកអនុរដ្ឋលេខាធិការបានបន្តថា ក្នុងន័យនេះ ក្រសួងទេសចរណ៍ បានបង្កើតច្បាប់ស្តីពីទេសចរណ៍ និងលិខិតបទដ្ឋានគតិយុត្តជាច្រើន សម្រាប់ការគ្រប់គ្រង ដូចលោកប្រធាននាយកដ្ឋាននីតិកម្មបានជម្រាប ប៉ុន្តែមិនអាចឆ្លើយតបតាមការវិវឌ្ឍនៃឧស្សាហកម្មទេសចរណ៍កម្ពុជា តំបន់ និងសាកល នាពេលបច្ចុប្បន្នបានឡើយ ជាពិសេសតាមការចង្អុលបង្ហាញរបស់ច្បាប់ស្តីពីទេសចរណ៍ ដែលទាមទារឲ្យអង្គភាពជំនាញត្រូវបន្តរៀបចំបង្កើតលិខិតបទដ្ឋានគតិយុត្តបន្ថែមទៀត៕