(កោះកុង)៖ លោកស្រី ឈុន រ៉ាវុធ អភិបាលរងខេត្តកោះកុង និងមន្ត្រីជំនាញមន្ទីរសុខាភិបាលខេត្តកោះកុង នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ បានបន្តយុទ្ធនាការអប់រំផ្សព្វផ្សាយ ស្ដីអំ ពីជំងឺគ្រុនឈាម និងវិធីបង្ការនៅទូទាំងស្រុកបុទុមសាគរ ខេត្តកោះកុង និងមានការចូលរួមថ្នាក់ដឹកនាំនៃមន្ទីរសុខាភិបាលខេត្ត ការិយាល័យ សុខាភិបាលស្រុកប្រតិបត្តិស្រែអំបិល មណ្ឌលសុខភាពអណ្ដូងទឹក សហការជាមួយសាលាស្រុកបុទុមសាគរ អាជ្ញាធរមូលដ្ឋាន ក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមយុវជនកាកបាតក្រហមកម្ពុជា ប្អូនៗសិស្សានុសិស្ស សរុបប្រមាណ១០០នាក់។

លោកស្រី ឈុន រ៉ាវុធ បានឲ្យដឹងថា យុទ្ធនាការនេះមន្ទីរសុខាភិបាល អនុវត្តន៍គ្រប់បណ្តាស្រុកហើយផ្តោតលើចំណុចសំខាន់ៗដូចជា៖

*ការផ្សព្វផ្សាយអំពីជំងឺគ្រុនឈាម វិធីបង្ការ ការពារ បំបាត់ជំរកមូស
*ករណីសង្ស័យត្រូវបញ្ជូនអ្នកជំងឺទៅកាន់មូលដ្ឋានសុខាភិបាល ដែលនៅជិតបំផុត
*ការដាក់ថ្នាំអាបែតសម្លាប់ដង្កូវទឹកក្នុងពាងទឹកអាងទឹក
*ការបាញ់ថ្នាំសម្លាប់មូសខ្លានៅសាលារៀន មណ្ឌលសុខភាព លំនៅដ្ឋានប្រជាជន (គ្មានទឹកដក់ គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានជំងឺគ្រុនឈាម គ្រួសារមានសុខភាពល្អ)។

លោកស្រីបន្តថា ការចុះយុទ្ធនាការនេះ មន្ទីរសុខាភិបាលនឹងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុខភាព និងត្រូវបង្កើនចំពោះបញ្ហាជំងឺ គ្រុនឈាម ដែលកំពុងមានអាត្រាខ្ពស់ដែលកើតមកលើមនុស្សគ្រប់វ័យ ហេតុនេះយើងទាំងអស់គ្នាចូលរួមធ្វើអនាម័យថែរក្សាបរិស្ថាន ដើម្បីកំចាត់ជម្រកមូសខ្លា ហើយត្រូវសំរានក្នុងមុងស្លៀកពាក់ ខោអាវជើងវែដៃវែងជានិច្ច។

លោកស្រី បានបញ្ជាក់បន្ថែមថា បើសិនមានការសង្ស័យចំពោះកូនចៅ ត្រូវបញ្ជូនមកមណ្ឌលសុខភាព ឬមន្ទីរពេទ្យជាបន្ទាន់ ដើម្បីឲ្យក្រុមគ្រូពេទ្យធ្វើការវិនិច្ឆ័យ ធ្វើការរករោគសញ្ញាជាបន្ទាន់ដើម្បីធ្វើការព្យាបាល៕