(ភ្នំពេញ)៖ លោក គុជ គឹមឡុង ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះ បាននិងកំពុងបើកការស៊ើបសួរលើឧកញ៉ា សុខ ប៊ុន និងបក្ខពួក៥នាក់ ពាក់ព័ន្ធករណីក្លែងលិខិតយកដីអ្នកស្រុក នៅលើកោះរ៉ុង ខេត្តព្រះសីហនុ។

ឧកញ៉ា សុខ ប៊ុន រួមទាំងបក្ខពួក៥នាក់ទៀត ត្រូវបានអង្គភាពប្រឆាំងអំពើរពុករលួយ ចាប់បញ្ជូនខ្លួន មកកាន់តុលាការ ដោយសង្ស័យថា ជាប់ពាក់ព័ន្ធការឃុបឃិតគ្នាជាប្រព័ន្ធយកដីសហគមន៍របស់អ្នកស្រុកទៅលក់ចែកលុយគ្នា។ នេះបើយោងតាម ប្រភពពីមន្ត្រីសាលាដំបូង បានឲ្យអង្គភាពព័ត៌មាន Fresh News បានដឹងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ។

មន្ដ្រីស៊ើបអង្កេតអង្គភាពប្រឆាំងអំពើពុករលួយម្នាក់ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖ «នេះករណី ប៉ះពាល់ទ្រព្យសម្បត្តិរដ្ឋធ្ងន់ធ្ងរ ជាការបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត, ការរំលោភអំណាចប្រព្រឹត្តកាលពីអំឡុង ឆ្នាំ២០១៦-២០១៩ នៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ មន្ត្រីនៅកោះរុង៥នាក់ និងអ្នករកស៊ីម្នាក់គឺឧកញ៉ា សុខ ប៊ុន ត្រូវបានជាប់អង្កេត និងត្រូវបានបញ្ជូនទៅតុលាការព្រឹកនេះ ក្រោយ អ.ប.ព ឃាត់ខ្លួនស្តាប់ចម្លើយ៧២ម៉ោង»

សូមបញ្ជាក់ថា ឧកញ៉ា​ សុខ ប៊ុន ​ក៏ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនម្តងរួចទៅហើយ ពាក់ព័ន្ធនឹងករណីប្រើប្រាស់ហិង្សា​លើ អតីត​ពិធីការិនី​ទូរ​ទស្សន៍​ ឯក សុជាតា ហៅ សាសា កាលពីឆ្នាំ២០១៥។ ករណីនេះ តុលាការបានកាត់ទោសឧកញ៉ា សុខ ប៊ុន ឱ្យជាប់ពន្ធនាគារ៣ឆ្នាំ ប៉ុន្តែបង្គាប់ឱ្យអនុវត្ត​​​ទោសក្នុងពន្ធនាគារ​​​តែ១០ខែ​ប៉ុណ្ណោះ៕