(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់វគ្គហ្វឹកហ្វឺនដល់មន្ត្រីអ៊ីរ៉ាក់២៧នាក់ ដោយជោគជ័យ និងទទួលបានកោតសរសើរពីសិក្ខាកាម មិនទាន់បាន១សប្តាហ៍ផងនោះ, នៅពេលនេះក្រុមសិក្ខាកាម ដែលជាទាហានកូឡុំប៊ីចំនួន២៨នាក់ មកប្រទេសកម្ពុជា ដើម្បីទទួលការហ្វឹកហ្វឺនជំនាញបោសសំអាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់)។

មន្ត្រីទំនាក់ទំនង និងសហប្រតិបត្តិការអន្តរជាតិរបស់ស៊ីម៉ាក់ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះថា ក្រុមទាហានកូឡុំប៊ីបានមកដល់កម្ពុជា នៅល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ហើយការហ្វឹកហ្វឺននឹងចាប់ផ្តើមនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩។

មន្ត្រីដដែលរូបនោះបានបញ្ជាក់ថា នៅចុងខែមិថុនា ដល់ ខែសីហា ឆ្នាំ២០១៩ ស៊ីម៉ាក់នឹងទទួលសិក្ខាកាមចំនួន៣ក្រុម ដែលមកបណ្តុះបណ្តាលជំនាញបោសសំអាតមីន, ការប្រើប្រាស់ ថែទាំគ្រឿងចក្របោសសំអាតមីន និងជំញញគ្រប់គ្រងបុគ្គលិក និងធនធានមនុស្ស ដែលរួមមាន៖

ក្រុមទី១៖ ជាទាហានរបស់កូឡុំប៊ីចំនួន២០រូប នឹងមកទទួលការហ្វឹកហ្វឺនរយៈពេលជាង២សប្តាហ៍ ចាប់នៅថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ ដែលសិក្សាពីវិធីសាស្ត្រក្នុងការបោសសំអាតផ្ទៃដីដែលមានគ្រាប់មីន និងយុទ្ធភណ្ឌមិទាន់ផ្ទុះ (BAC),

ក្រុមទី២៖ ទាហានកូឡុំប៊ីចំនួន៨រូប មកហ្វឹកហ្វឺនរយៈពេលជិត២ខែ ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ការប្រាស់ និងការថែទាំគ្រឿងចក្របោសសំអាតមីន។

ក្រុមទី៣៖ សិក្ខាកាមមកពីប្រទេសឡាវ ចំនួន៧នាក់ ដែលមកសិក្សាពីជំនាញគ្រប់គ្រងបុគ្គលិក និងធនធានមនុស្សរយៈពេល៤សប្តាហ៍ គឺសិក្សានៅកម្ពុជា២សប្តាហ៍ និងនៅឡាវ២សប្តាហ៍៕