(ព្រះវិហារ)៖ គ្រួសារក្រីក្រមួយ ដែលមានសមាជិករហូត៩នាក់ ហើយដែលមេគ្រួសារជាចាស់ជរា មានវ័យជិត៩០ឆ្នាំ បានទទួលអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ។

លោក សុខ សាន្តតារា អភិបាលស្រុកឆែប ខេត្តព្រះវិហារ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានឲ្យដឹងថា ថ្ងៃនេះលោកបានដឹកនាំក្រុមការងាររួមមាន អភិបាលរងស្រុក លោកមេភូមិ មេឃុំម្លូព្រៃមួយ និងសមាជិកជាច្រើនទៀត បាននាំអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា យកទៅប្រគល់ជូនចាស់ជរាទីទ័លក្រមួយគ្រួសារ ដែលមានសមាជិករហូត៩នាក់ ជាចៅនិងចៅទួត។

នៅក្នុងឱកាសនោះ លោក សុខ សាន្តតារា បានមានប្រសាសន៍នាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលជានិច្ចជាកាលលោកតែងតែ បានយកចិត្តទុក្ខដាក់គិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារទាំងមូល។

លោក សុខ សាន្តតារា បានបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងបានយកចិត្តទុកដាក់គិតគូរជានិច្ច ចំពោះបងប្អូនប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ ក្មេងកំពា្រ ក៏ដូចជាប្រជាពលរដ្ឋ ដែលជួបប្រទះនូវគ្រោះធម្មជាតិផ្សេងៗ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ពូជសាសន៍ ពណ៌សំបុរឡើយ និយាយរួមទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាចាំជួយជានិច្ច។

លោកថា ជាក់ស្តែងថ្ងៃនេះ កាកបាទក្រហមកម្ពុជា បាននាំអំណោយមកជូនលោកតាមុំ ឆែមអាយុ៨៥ឆ្នាំ និងលោកយាយ ទឹម ណាន់ អាយុ៨៣ឆ្នាំ ហើយលោកតា និងលោកយាយមានចៅ ចៅទួតរហូត៩នាក់ ក្នុងបន្ទុកទៀត។ ដូច្នេះដើម្បីសម្រាលនូវការលំបាកនេះ កាកបាទក្រហមកម្ពុជា បាននាំអំណោយរួមមាន៖ អង្ករ៣៥គីឡូក្រាម, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ឃិត១កញ្ចប់ ទឹកសុទ្ធ១០យួរ និងថវិកា៥០ម៉ឺនរៀល។ លោកថា អំណោយទាំងនេះ ទោះមិនបានបំពេញតាមសេចក្តីត្រូវការក៏ពិតមែន តែបានដោះស្រាយការខ្វះខាត បានមួយរយៈពេលដែរ៕