(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ រួមជាមួយក្រុមគ្រូពេទ្យជំនាញៗ បាននិងកំពុងផ្តល់នូវការព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុតចំពោះអ្នករងរបួស និងចាត់ ចែងគាំទ្រចំពោះអ្នកដែល ស្លាប់បាត់បង់ជីវិត ដើម្បីធ្វើបុណ្យតាមប្រពៃណី។

ចំពោះជនរងគ្រោះដែលបាត់បង់ជីវិត រដ្ឋបាលខេត្តបានរៀបចំជាក្តារមឈូស និងថវិកា២លានរៀល អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ ចូលរួមថវិកាបន្ថែម៥០ម៉ឺនរៀល ជូនគ្រួសារសពនីមួយៗ ហើយអជ្ញាធរបាន និងធ្វើការទំនាក់ទំនងគ្រសារសពដើម្បី ដឹកសពទៅជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យ តាមប្រពៃណី។ ក្នុងករណីក្រុមគ្រួសារចង់រៀបចំពិធី បុណ្យសពនៅខេត្តព្រះសីហនុ រដ្ឋបាលខេត្តនឹងរៀបចំពិធីបុណ្យសពរួមនៅវត្តឥន្ទញ្ញាណ (វត្តក្រោម) ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ បានបញ្ជាក់ឲ្យដឹងថា ករណីបាក់រលំអគារ ដែលកំពុងដំណើរការសាងសង់ កម្ពស់៧ជាន់ មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បណ្ដាលឲ្យស្លាប់មនុស្សចំនួន៧នាក់ (ស្រី១នាក់) និងរងរបួសកើនឡើងដល់២១នាក់ហើយ។

តាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ បានបញ្ជាក់ថា «រហូតមកទល់នឹងម៉ោង ១៤រសៀលនេះ បានបណ្តាលឱ្យមនុស្សចំនួន ៧នាក់ ស្លាប់ (ស្រ្តីម្នាក់ និងរបួសចំនួន ២១នាក់។ ក្រុមការងារសង្គ្រោះបន្ទាន់របស់រដ្ឋបាល ខេត្តព្រះសីហនុ ដោយមានការចូលរួមសហការពីភាគីពាក់ ព័ន្ធនានាបាននិងកំពុងបន្តការជួយសង្គ្រោះជនរងគ្រោះ បន្តទៀត ដែលកំពុងតែជាប់នៅក្នុងអគារដួលរលំនេះ។ រដ្ឋបាលខេត្តព្រះសីហនុ សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារនៃជនរងគ្រោះដែលបានបាត់បង់ជីវិត និងអ្នករងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍ដ៏អាក្រក់នេះ»។

រដ្ឋបាលខេត្តព្រះសីហនុសូមគូសបញ្ជាក់ថា កម្លាំងសមត្ថកិច្ចបានចាប់ឃាត់ខ្លួនមនុស្សចំនួន ៤នាក់ដែលជាប់ពាក់ព័ន្ធដោយផ្ទាល់នឹងឧបទ្ទវហេតុដ៏អាក្រក់នេះ ដើម្បីសាកសួរបន្ថែម ហើយសមត្ថកិច្ចពាក់ព័ន្ធបាន និងកំពុងធ្វើស៊ើបអង្កេតដើម្បីបញ្ជាក់ពីមូលហេតុពិតប្រាកដនៃការរលំបាក់អគារនេះ។

អាជ្ញាធរខេត្តបញ្ជាក់ទៀតថា ការដ្ឋានសំណង់នេះមានម្ចាស់ឈ្មោះ Chen Kun ភេទប្រុស អាយុ៣៩ឆ្នាំ បានជួលដីសម្រាប់សាងសង់អគារពីឈ្មោះ ញឹក ហ៊ុយ ភេទប្រុស ជនជាតិខ្មែរ អាយុ៦៥ឆ្នាំ ហើយបានម៉ៅការសាងសង់ដោយក្រុមហ៊ុន XI GANG TANG GONG GOU JI HAISAO មានថៅកែម៉ៅការសាងសង់ឈ្មោះ DENG XING GUI ភេទប្រុស អាយុ៤៨ឆ្នាំ និងអ្នកម៉ៅការបូកជញ្ជាំងអគារឈ្មោះ GAO YU ភេទប្រុស អាយុ២៩ឆ្នាំ។

សូមជម្រាបថា នៅម៉ោងជិត៥៖០០នាទីព្រឹកព្រលឹម ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីបាក់រលំអគារកម្ពស់៧ជាន់ នៅជិតកន្លែងលាងរថយន្តយីហោ «អារុណរះ» ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ៕