(សៀមរាប)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក. ក្រោមអធិបតីភាព និងការដឹកនាំរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយនឹងសមាជិក-សមាជិកា គណៈអចិន្ត្រៃយ៍ គណៈកម្មា ធិការកណ្តាល, សមាជិក-សមាជិកា គណៈកម្មាធិការកណ្តាល, រួមទាំងវត្តមានចូលរួមរបស់សមាជិក-សមាជិកា ស.ស.យ.ក. សរុបចំនួន ៣៥០នាក់ នៅសាលសន្និសីទសុខា នៃសណ្ឋាគារសុខាសៀមរាប។

កិច្ចប្រជុំនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ក្នុងគោលបំណង ដើម្បីស្តាប់របាយការណ៍ការងារ ក្រោយពេលមហាសន្និបាតលើទី៤ រហូតមកដល់បច្ចុប្បន្ន តាមដានវឌ្ឍភាពការងារ និងកំណត់ទិសដៅសកម្មភាពការងារ បន្តស្របតាមសេចក្តីសម្រេចរបស់មហាសន្និបាត និងផែនការយុទ្ធសាស្ត្រ «ចលនាយុវជនក្នុងបុព្វហេតុជាតិមាតុភូមិ» ឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣។

ថ្លែងក្នុងពិធីបើកនៃកិច្ចប្រជុំ លោក ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះការចូលរួមរបស់សមាជិក សមាជិកា ដែលបានចំណាយពេលវេលា ដ៏មានតម្លៃ ធ្វើដំណើរមកពីគ្រប់ទិសទី ចូលរួមជាមួយគ្នាក្នុងកិច្ចជួបជុំ ជាមួយគ្នាក្នុងនាមក្រុមគ្រួសារសហភាពសហព័ន្ធយុវជន។

លោក ហ៊ុន ម៉ានី បានថ្លែងថា «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ស.ស.យ.ក. របស់យើងនឹងរួមគ្នាសម្រេចបានលទ្ធផល និងសមិទ្ធផលយ៉ាងប្រសើរ និងបរិបូណ៍បន្ថែមទៀត និងត្រៀមខ្លួនរួចរាល់ សម្រាប់ចក្ខុវិស័យ និងសកម្មភាព ស.ស.យ.ក. ទៅអនាគត។

សូមជម្រាបផងដែរថា សហភាពសហព័ន្ធយុវជនកម្ពុជា បានកំពុងដើរតួយ៉ាងសំខាន់ ក្នុងការជំរុញឲ្យយុវជនចូលរួមក្នុងកិច្ចការងារសង្គមក្រោមស្មារតី២ធ្នូ និងបានលើកទឹកចិត្តយុវជន ឲ្យរក្សាជំហរគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបណ្តុះស្មារតីសាមគ្គីភាព ពង្រឹងការរួបរួមគ្នា និងការពួតដៃគ្នាក្នុងនាមយុវជនខ្មែរដែលជាធនធាន ពោរពេញដោយចំណេះដឹង និងសមត្ថភាពចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចឲ្យបាននូវចក្ខុវិស័យឆ្នាំ២០៣០ និងចក្ខុវិស័យឆ្នាំ២០៥០ ដើម្បីប្រជាជន និងអនាគតកម្ពុជា៕