(ភ្នំពេញ)៖ «មន្ត្រីមានតែឈ្មោះ មិនដែលឃើញមុខមកធ្វើការ» ជាពាក្យរិះគន់មួយដែលឧស្សាហ៍លើកឡើងនៅតាមក្រសួងស្ថាប័ននានារបស់រដ្ឋ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានក្រើនរំលឹកក្រសួងស្ថាប័នឱ្យបញ្ចូលប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងបញ្ជីវត្តមាន និងតាមដានមន្ត្រីដែលមិនមកបម្រើការងារនេះថែមទៀតផង។

គោរពតាមស្មារតីរបស់សម្តេចតេជោ ហ៊ុន សែន និងចូលរួមលុបបំបាត់ភាពសកម្មរបស់មន្ត្រី «មានតែឈ្មោះ មិនមកធ្វើការ» ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងចាប់ផ្តើមធ្វើប្រព័ន្ធស្វ័យប្រវត្តកម្ម ដើម្បីគ្រប់គ្រងលើបញ្ជីវត្តមាន និងតាមដានមន្ត្រី ដែលមិនមកបម្រើការងារនេះ។

ពេលថ្មីៗនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំដោយផ្ទាល់ ពិភាក្សាទៅលើការបង្កើតប្រព័ន្ធស្វ័យប្រវត្តកម្មគ្រប់គ្រងវត្តមានមន្ត្រីរាជការនេះ។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩នេះថា «កិច្ចប្រជុំ ធ្វើឡើងដើម្បីពង្រឹងយន្តការគ្រប់គ្រង និងតាមដានវត្តមានរបស់មន្ត្រីរាជការក្រោមឱវាទក្រសួង ដើម្បីកំណត់មូលដ្ឋានក្នុងការផ្តល់អត្ថប្រយោជន៍ប្រចាំខែ សម្រាប់លើកទឹកចិត្តមន្ត្រី ដែលមកបំពេញការងារទៀងទាត់»

បើតាមលោក សុទ្ធាយុត្តិ ក្នុងកិច្ចប្រជុំនោះ ក៏បានពិភាក្សាលើការកំណត់ពេលវេលាស្កេនម្រាមដៃ របាយការណ៍ និងការជូនដំណឹងតាមប្រព័ន្ធបច្ចេកវិទ្យាវៃឆ្លាត ទៅកាន់សាមីខ្លួន ដើម្បីអាចត្រួតពិនិត្យភ្លាមៗ តាមទូរសព្ទដៃស្មាតហ្វូន ឬ Tablet។

តាមរយៈកិច្ចប្រជុំនោះ លោកទេសរដ្ឋមន្ត្រី បានឯកភាពឱ្យនាយកដ្ឋានទទួលបន្ទុករៀបចំលិខិតបទដ្ឋានផ្លូវការពីការអនុវត្តប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការ និងបណ្តុះបណ្តាលអំពីរបៀបប្រើប្រាស់ប្រព័ន្ធដល់គ្រប់អង្គភាពក្រោមឱវាទក្រសួង ដើម្បីឱ្យមានលក្ខណៈល្អប្រសើរ។

លោក ហ៊ាង សុទ្ធាយុត្តិ បានបញ្ជាក់បន្ថែមថា ការកសាងប្រព័ន្ធស្វ័យប្រវត្តកម្មនេះ ធ្វើឡើងក្នុងគោលបំណងឱ្យការគ្រប់គ្រងបញ្ជីវត្តមានរបស់មន្ត្រីកាន់តែមានល្អប្រសើរថែមទៀត ខណៈដែលការចុះបញ្ជីវត្តមាននៅលើសៀវភៅវត្តមាននាពេលបច្ចុប្បន្នមិនសូវជាមានសុក្រឹត្យភាពឡើយ។ ពោលការប្រើសៀវភៅចុះបញ្ជីវត្តមាននេះ ទាមទារឱ្យមានមនុស្សចាំមេីលការខុសត្រូវគ្រប់គ្រង តាមអង្គភាពនីមួយៗជាប្រចាំ ដូច្នេះបើចប់ម៉ោងធ្វេីការ ចេញយប់ជ្រៅដោយភ្លេច ចុះហត្ថលេខាពីល្ងាច គឺច្បាស់ជាអវត្តមាន។

ដោយឡែកសម្រាប់ប្រព័ន្ធស្វ័យប្រវត្តកម្មដែលក្រសួងកំពុងបង្កើតឡើងវិញ បង្កភាពងាយស្រួលខ្លាំងទាំងការចុះបញ្ជី និងគ្រប់គ្រងទិន្នន័យ។ លោក ហ៊ាង សុទ្ធាយុត្តិ បានឱ្យដឹងថា ប្រព័ន្ធស្វ័យប្រវត្តកម្មនេះ អាចឱ្យមន្ត្រីស្កេនវត្តមានរបស់ខ្លួនបានគ្រប់ពេលវេលា បើទោះបីមន្ត្រីនោះចេញពីធ្វើការយប់ជ្រៅក៏ដោយ។

បន្ថែមពីលើនោះប្រព័ន្ធស្វ័យប្រវត្តកម្មនេះ បានភ្ជាប់ទៅមជ្ឈមណ្ឌលទិន្នន័យដោយប្រើប្រព័ន្ធបច្ចេកវិទ្យាទំនើប អាចអនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រសួងបានដឹងភ្លាមៗចំពោះវត្តមានរបស់មន្ត្រីកំពុងធ្វើការប៉ុន្មាននាក់ និងមិនមកធ្វើការប៉ុន្មាននាក់។ ជាពិសេសប្រព័ន្ធស្វ័យប្រវត្តកម្មនេះ នឹងផ្ញើរបាយការណ៍ដោយស្វ័យប្រវត្តតាមប្រព័ន្ធតេឡេក្រាមនៅពេលបញ្ចប់ម៉ោងការងារ។

លោក សុទ្ធាយុត្តិ បានបង្ហាញជំនឿចិត្តថា ប្រព័ន្ធស្វ័យប្រវត្តកម្មគ្រប់គ្រងវត្តមានរបស់មន្ត្រីនេះ នឹងធ្វើការបានកាន់តែល្អប្រសើរក្នុងការគ្រប់គ្រងវត្តមានរបស់មន្ត្រី ហើយក៏ជួយលុបបំបាត់មន្ត្រីដែលគេចវេសមិនមកបម្រើការងារផងដែរ។ ជាពិសេសនោះ ជួយឱ្យក្រសួងរកឃើញមន្ត្រីដែលសកម្មភាព ដើម្បីផ្តល់ជារង្វាន់លើកទឹកចិត្តប្រចាំខែថែមទៀតផង៕