(ត្បូងឃ្មុំ)៖ ដើម្បីធានាសុខភាពជូនប្រជាពលរដ្ឋជាអ្នកទទួលទាន ដែលបរិភោគផលិតផលម្ហូបអាហារ ដាក់លក់លើទីផ្សារ លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលប្រចាំ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២១ ខែមិថុនាឆ្នាំ២០១៩នេះ បានដឹកនាំមន្ត្រីកាំកុងត្រូលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បន្តចុះធ្វើការត្រួតពិនិត្យពង្រឹងគុណភាព និងសុវត្ថិភាព បន្លែ ផ្លែឈើ និងផលិតផលម្ហូបអាហារ នៅផ្សារអូររាំងឪ ស្ថិតក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ក្នុងប្រតិបត្តិការនោះលោក មាស មោរ៉ា ឲ្យដឹងថា មន្ត្រីជំនាញ បានត្រួតពិនិត្យដោយធ្វើតេស្តបឋមលើគំរូផលិតផល សាច់ក្រកក្រហម ណែម ត្រីងៀតសំយ៉ុង ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ បូរ៉ាក់(ទឹកអន្សារ) ដែលបង្កផលប៉ះពាល់ដល់សុខភាព។ ជាលទ្ធផល ពុំមានវត្តមានសារធាតុគីមីហាមឃាត់នៅក្នុងគំរូផលិតផលទាំងនោះទេ។

ជាមួយគ្នានោះ មន្ត្រីកាំកុងត្រូល បានយកគំរូបន្លែ ចំនួន១២មុខ មានៈ ប៉េងប៉ោះ ស្ពៃតឿ ការ៉ុត ពោតបារាំង ខ្ទឹមស ខ្ទឹមបារាំង ខ្ទឹមក្រហម ក្រូចឆ្មារ ម្ទេសប្លោក ស្ពៃបូកគោ ម្ទេសវែង ដំឡូងជ្វា និងផ្លែឈើចំនួន៩មុខ មានៈ ផ្លែក្រូចតូច ក្រូចឃ្វិច ត្របែក សាវម៉ាវ គូលែន មង្ឃុត ភ្ញៀវ ទំពាំងបាយជូរ និងផ្លែស្រកានាគ ដើម្បីបញ្ជូនទៅវិភាគនៅមន្ទីពិសោធន៌របស់អគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីរកសំណល់ថ្នាំពុលកសិកម្មនៅលើគំរូបន្លែផ្លែឈើដែលសុទ្ធសឹង នាំចូលពីប្រទេសវៀតណាមទាំង២១មុខនោះ ជាបន្តទៀត។

ជាមួយគ្នានោះ លោក មាស មោរ៉ា រួមទាំងមន្ត្រីកាំកុងត្រូល បានបិទPoster ពន្យល់ណែនាំពីរបៀបជ្រើសរើស និងការដាក់តាំងលក់នូវទំនិញ ជាគ្រឿងឧបភោគ និងបរិភោគ ព្រមទាំងធ្វើការអប់រំ ក៏ដូចជាណែនាំដល់អាជីវករ មុននឹងយកទំនិញមកលក់ត្រូវត្រួតពិនិត្យ និងដឹងពីប្រភពឲ្យច្បាស់លាស់ ព្រមទាំងដាក់តាំងលក់ទំនិញដែលមានគុណភាពល្អ មានស្លាកសញ្ញាត្រឹម និងហាមដាច់ខាតទំនិញដែលគ្មានកាលបរិច្ឆេទច្បាស់លាស់ ជាពិសេសហួសកាលបរិច្ឆេទប្រើប្រាស់ ដែលខុសពីបទបញ្ញតិនៃច្បាប់៕