(ភ្នំពេញ)៖ ក្នុងយុទ្ធនាការបន្តរំដោះចំណីចិញ្ចើមផ្លូវ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ បានសម្រេចកាត់ផ្លាកប៉ាន់ណូ ចំនួន៣ផ្ទាំង និងដកហូត ដែកអេតចាយមួយចំនួនទៀត ដើម្បីដឹកយកមករក្សាទុកពីក្រុមអាជីវករ ដែលបានដាក់តាំងរំលោភចូលចំណីចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ បណ្ដាលឲ្យបាត់បង់សណ្ដាប់ធ្នាប់ របៀបរៀបរយ និងបង្កជាគ្រោះថ្នាក់ចរាចរណ៍ជាដើម។

ក្នុងយុទ្ធនាការបន្តរំដោះចំណីចិញ្ចើមផ្លូវ រហូតឈានដល់ការកាត់ផ្លាកប៉ាន់ណូ និងដកហូតដែកអេតចាយមួយចំនួន របស់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវខាងលើនេះ ដឹកនាំដោយលោកស្រី សួស សូលីដា អភិបាលរងខណ្ឌ តំណាងលោក ជា ពិសី អភិបាលខណ្ឌ និងលោកនាយក នាយករងរដ្ឋបាលខណ្ឌ ប្រធាន-អនុប្រធានតាមបណ្ដាការិយាល័យជំនាញខណ្ឌ ចៅសង្កាត់ មេភូមិ ជាមួយមន្ត្រីពាក់ព័ន្ធ និងនគរបាល អាវុធហត្ថ និងប្រជាការពារផងដែរ ដែលចាប់ផ្ដើមអនុវត្តឡើងពីចំណុចព្រំប្រទល់សង្កាត់ស្រះចក ខណ្ឌដូនពេញ តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ។

ការចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ក្នុងការរំដោះចំណីចិញ្ចើមផ្លូវ ពីក្រុមអាជីវករលក់ដូរគ្រប់ប្រភេទនេះដែរ លោកស្រី សួស សូលីដា សូមឲ្យប្រជាពលរដ្ឋចូលរួមសហការគោរពច្បាប់ ទាំងអស់គ្នា ស្ដីពីសុវត្ថិភាពច្បាប់ចរាចរផ្លូវគោក ដោយមិនអនុញ្ញាតឲ្យមានការដាក់តាំង របស់របរផ្សេងៗ លើចិញ្ចើមផ្លូវដាច់ខាត ក្នុងនោះទុក១ភាគ៣ នៃចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើងធ្វើដំណើរ។

បើតាមការបញ្ជាក់ពីលោក សន សោភ័ណ្ឌ នាយករដ្ឋបាលខណ្ឌ នៅក្នុងយុទ្ធនាការរំដោះចំណីចិញ្ចើមផ្លូវសាធារណៈនេះ គឺបានអនុវត្តឡើងជាប្រចាំ តាមសេចក្ដីណែនាំពីសាលារាជធានីភ្នំពេញ ដែលមិនអាចបណ្ដែតបណ្ដោយបាននោះទេ ក្នុងការទប់ស្កាត់ នាពេលបច្ចុប្បន្នស្ថានភាពចរាចរនៅតាមដងផ្លូវ មានការមមាញឹកខ្លាំង ឯអ្នកធ្វើដំណើរតាមផ្លូវអាចប្រឈមគ្រោះថ្នាក់ចរាចរជាដើម នេះដោយសារប្រជាអាជីវករមួយចំនួន បានដាក់តាំងទំនិញ ឬសម្ភារផ្សេងៗ ដើម្បីប្រកបរបរអាជីវកម្មរបស់ខ្លួន រំលោភលើចិញ្ចើមផ្លូវ បណ្ដាលឲ្យបាត់បង់ទាំងសណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម៕