(ចិន)៖ លោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្មកម្ពុជា ត្រូវបានសមាជិកអចិន្ត្រៃយ៍ទាំង ២៤ប្រទេស នៃសមាគមព្យាបាល និងសង្គ្រោះបន្ទាន់ ជំងឺ Trauma អន្តរជាតិ (ITRTA) បោះឆ្នោតគាំទ្រឱ្យធ្វើជាអនុប្រធាន នៃសមាគមវេជ្ជសាស្រ្តអន្តរជាតិ លំដាប់ពិភពលោកមួយនេះ។

ការបោះឆ្នោតគាំទ្រលោកបណ្ឌិត ហេង សុខគង់ បានធ្វើឡើងនៅក្នុង វេទិកាវេជ្ជសាស្រ្តអន្តរជាតិ ដែលបានប្រារព្វធ្វើនៅទីក្រុង Chengdu ខេត្ត Xichuan នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមិថុនា ឆ្នាំ២០១៩។

វេទិកាវេជ្ជសាស្រ្តអន្តរជាតិឆ្នាំនេះ មានឈ្មោះជាភាសាអង់គ្លេសថា The 3rd International Critical and Emergency Care Forum and the 7th Academic Conference on Traumatology មានការចូលរួមពីសំណាក់អ្នកវិទ្យាសាស្រ្តវេជ្ជសាស្រ្ត សាស្ត្រាចារ្យ វេជ្ជបណ្ឌិតឆ្នើមៗ និងជំនាញៗមកពីសាកលវិទ្យាល័យ វិទ្យាស្ថាន និងសមាគមវេជ្ជសាស្រ្តធំៗនានារបស់ពិភពលោក ដូចជាប្រទេសចិន សហរដ្ឋអាមេរិក បារាំង អូស្ត្រាលី ចក្រភពអង់គ្លេស អាឡឺម៉ង់ រុស្ស៊ី ជប៉ុន អ៊ីស្រាអែល ឥណ្ឌា អ៊ីតាលី កម្ពុជា បង់ក្លាដេស ប៉ាគីស្ថាន ហ្វ៊ីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ ឡាវ ម៉ុងហ្គោលី ប៊ែលឡារុស តៃវ៉ាន់ (ចិន) ហុងកុង (ចិន) ម៉ាកាវ (ចិន) ជាដើម។

វេទិកាវេជ្ជសាស្រ្តអន្តរជាតិឆ្នាំនេះ ផ្តោតជាសំខាន់លើប្រធានបទចំនួន២ គឺទី១៖ កិច្ចគាំពារ និងវិធីសាស្រ្តសង្គ្រោះបន្ទាន់ទៅលើអ្នកជំងឺ Trauma ដោយសារឧបទ្ទេវហេតុ និងគ្រោះមហន្តរាយនានា (គ្រោះថ្នាក់ចរាចរណ៍ រញ្ជួយដី និងជំងឺ Trauma ពីកំណើត និងដោយសារជនបង្ក) Trauma Rescue & Treatment Modes និងទី២ ដំណើរការវិវត្តនៃសុខាភិបាលជំនាន់ទី៤ (Health 4.0)។

ទន្ទឹមនឹងការរៀបចំនូវវេទិកាវេជ្ជសាស្រ្តអន្តរជាតិដ៏ធំនេះ ក៏មានធ្វើការរៀបចំនូវកិច្ចប្រជុំកំពូលរបស់គណ:អចិន្ត្រៃយ៍ នៃសមាគមព្យាបាល និងសង្គ្រោះបន្ទាន់ ជំងឺ Trauma អន្តរជាតិ (International Trauma Rescue & Treatment Association, ITRTA) ដើម្បីធ្វើការបោះឆ្នោតជ្រើសរើសអនុប្រធាន២រូបបន្ថែម និងសមាជិកអចិន្ត្រៃយ៍ ចំនួន៣៥រូបទៀតក្នុងនោះដែរ លោកសាស្ត្រាចារ្យបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា និង លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត Timothy J Coats នៃចក្រភពអង់គ្លេស ជាសាស្រ្តាចារ្យមកពីសាកលវិទ្យាល័យ ឡេសេសស្ទើ (Professor of Emergency Medicine of University of Leicester of UK) ត្រូវបានសមាជិកអចិន្ត្រៃយ៍មកពី២៤ប្រទេសនៃសមាគមវេជ្ជសាស្រ្តអន្តរជាតិដ៏ធំនេះ បោះឆ្នោតគាំទ្រជាឯកច័្ឆន្ធឱ្យធ្វើជា អនុប្រធានរបស់សមាគម ហើយក៏មានវេជ្ជបណ្ឌិតឆ្នើមៗរបស់កម្ពុជាចំនួន៥រូបមកពីសម្ព័ន្ធគ្រូពេទ្យសហភាព សហព័ន្ធយុវជនកម្ពុជា ត្រូវបានបោះឆ្នោតបញ្ចូលជាសមាជិកអចិន្ត្រៃយ៍របស់សមាគមផងដែរ។

សូមជម្រាបជូនថា សមាគមវេជ្ជសាស្ត្រអន្តរជាតិ ITRTA ត្រូវបានផ្តួចផ្តើម គំនិតរៀបចំក្រោមយុទ្ធសាស្ត្រផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់សាកលវិទ្យាល័យមន្ទីរពេទ្យប្រជាជនទីក្រុងប៉េកាំង (Peking University People’s Hospital) ដែលសាកលវិទ្យាល័យមន្ទីរពេទ្យនេះ ជាសាកលវិទ្យាល័យ មន្ទីរពេទ្យធំជាងគេបង្អស់របស់សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩១៨មកម្ល៉េះ។

បច្ចុប្បន្នសមាគម ITRTA មានសមាជិកចំនួន២៣៥នាក់ មានសមាជិកអចិន្ត្រៃយ៍ចំនួន៧៦នាក់ ដឹកនាំដោយ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Jiang Baoguo ជាប្រធាន (លោកជាប្រធានសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ មន្ទីរពេទ្យប្រជាជនទីក្រុងប៉េកាំង) មានប្រធានកិត្តិយស២រូប គឺលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Hans-Jorg Oestern មកពីប្រទេសអាឡឺម៉ង់ និងលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Bruce Douglas Browner មកពីសហរដ្ឋអាមេរិក ព្រមទាំងអនុប្រធានសរុប៧រូប គឺ ១៖ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត Elhanan Bar-On មកពីប្រទេសអ៊ីស្រាអែល លោកសាស្រ្តាចារ្យ ២៖ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត Jean-Jaques Rouby មកពីប្រទេសបារាំង ៣៖ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត D-Demetraides មកពីសហរដ្ឋអាមេរិក ៤៖ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត chong-Jeh Lo មកពីកោះតៃវ៉ាន់ (ចិន) ៥៖ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត Manson Fok មកពីកោះហុងកុង (ចិន) ៦៖លោកសាស្រ្តាចារ្យបណ្ឌិត ហេង សុខគង់ មកពីប្រទេសកម្ពុជា និង៧-លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត Timothy J Coats មកពីចក្រភពអង់គ្លេស និងមានលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត Wang Tianbing មកពីប្រទេសចិនជាអគ្គលេខាធិការ ។

សូមជម្រាបជូនថា មុននឹងជាប់ឆ្នោតជាអនុប្រធានសមាគមខាងលើនេះ នៅក្នុងវេទិកា និងកិច្ចប្រជុំកំពូលទាំង២នេះ លោកបណ្ឌិត ហេង សុខគង់ បានធ្វើបទបង្ហាញចំនួន២ គឺទី១៖ ស្ថានភាពវិស័យសុខាភិបាល និងជំងឺ Trauma នៅកម្ពុជាក្រោមយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ និងទី២៖ ក្រោមប្រធានបទ សុខាភិបាលជំនាន់ទី៤ ឱកាស និងបញ្ហាប្រឈមរបស់កម្ពុជា៕