(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបំភ្លឺតាមបណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះថា ការសាងសង់ព្រលានយន្តហោះអន្តរជាតិ នៅស្រុកបទុមសាគរ ខេត្តកោះកុង ពុំបង្កផលប៉ះពាល់ជាមួយលំនៅដ្ឋាន និងដំណាំប្រជាពលរដ្ឋនោះទេ។

ការចេញមកអះអាងរបស់មន្រ្តីជាន់ខ្ពស់រូបនេះ បានធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួនបានអះអាង ដោយសម្តែងការព្រួយបារម្ភថា ការសាងសង់ព្រលានយន្តហោះអន្តរជាតិដ៏ធំសម្បើមនៅខេត្តកោះកុង បានធ្វើឱ្យប៉ះពាល់ដល់ដីធ្លីរបស់ពួកគេ។

មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី បានបញ្ជាក់ឱ្យដឹងថា ការសាងសង់ព្រលានយន្តហោះនៅខេត្តកោះកុងស្ទើររួចរាល់ហើយ ត្រូវបានសិក្សាយ៉ាងច្បាស់លាស់ បញ្ហាជាមួយប្រជាពលរដ្ឋកន្លងទៅ ក៏ត្រូវក្រសួងពាក់ព័ន្ធដោះស្រាយបញ្ចប់រួចរាល់ហើយដែរ ដែលមិនមានបញ្ហាទៀតនោះទេ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Union Development Group បានទទួលសិទ្ធិសម្បទានពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការវិនិយោគរមណីយដ្ឋានតារាសាគរ ខេត្តកោះកុង ដែលមានផ្ទៃដីជាង៣ម៉ឺន ហិកតា។ គំរោងនេះរួមមានលំនៅដ្ឋាន សណ្ឋាគារ ទីលានវាយកូនហ្គោល ព្រលានយន្តហោះ កំពង់ផែទឹកជ្រៅ និងសេវាកម្មជាច្រើនទៀត សម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ក្រុមហ៊ុននេះគ្រោងបោះទុនវិនិយោគប្រមាណ៥០០០លានដុល្លារអាមេរិក។

ព្រលានយន្តហោះដែលមានផ្លូវយន្តហោះចុះប្រវែង៣២០០ម៉ែត្រ និងទទឹង៦០ម៉ែត្រ ដែលវែងជាងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គ្រោងនឹងបញ្ចប់នៅចុងខែឧសភា ឆ្នាំ២០២០ខាងមុខនេះ។ ការស្ថាបនាព្រលានយន្តហោះដ៏ធំនេះ បានចាប់ផ្តើមកាលពីចុងឆ្នាំ២០១៨៕