(ម៉ាឡេស៊ី)៖ នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ លោកបណ្ឌិត YAB TUN Dr. Mahathir Mohamad នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអនុញ្ញាតទទួលជួបសម្តែងការគួរសមរបស់ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងគណៈប្រតិភូកម្ពុជា ក្នុងដំណើរទស្សនកិច្ចការងារនៅប្រទេសម៉ាឡេស៊ី។

ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ជាកិត្តិយសបំផុតដែល លោកនាយករដ្ឋមន្ត្រី តែងតែផ្ដល់ឱកាសដ៏មានតម្លៃជួបសំណេះសំណាល និងស្តាប់នូវបច្ចុប្បន្នភាព ការវិវត្តន៍ផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គមកម្ពុជា ជាពិសេសតែងតែគាំទ្រកោតសរសើរនូវ គោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា ដែលធ្វើឲ្យគ្រប់វិស័យមានការរីកចម្រើនលូតលាស់ទៅមុខ។

ក្នុងជំនួបនេះនេះដែរ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានឯកភាពក្នុងការទទួលស្វាគមន៍ ឲ្យមានជំនួបជាផ្លូវការរវាងគណៈប្រតិភូជាន់ខ្ពស់ឥស្លាមកម្ពុជា ជាមួយបណ្តាអន្តរក្រសួង ស្ថាប័ន អង្គការសមាគមម៉ាឡេស៊ី ក្នុងឱកាសសមស្របណាមួយ។

រាជរដ្ឋាភិបាលម៉ាឡេស៊ី បានអបអរសាទរចំពោះកម្ពុជាដែលត្រូវបានជ្រើសតាំងតំណាង បេសកជនពិសេសប្រចាំអង្គការសហប្រតិបត្តិការឥស្លាម OIC ក្នុងនោះដែរ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី YAB TUN Dr. Mahathir Mohamad បានផ្តល់អនុសាសន៍ ត្រូវរួមរស់ដោយភាតរភាពនៃការសាមគ្គី បណ្តុះបណ្តាលយុវជន ចេះគ្រប់ជំនាញរួមទាំងភាសាដើរឲ្យទាន់ សម័យកាលអភិវឌ្ឍន៍សាកលភាវូបនីយកម្ម ដើម្បីចូលរួមអភិវឌ្ឍន៍ខ្លួនឯង គ្រួសារ និងសង្គមជាតិ។

ព្រមជាមួយគ្នានោះដែរ ត្រូវគាំទ្រជានិច្ចចំពោះអ្នកជួយរំដោះ និងផ្តល់សិទ្ធិសេរីភាពដល់យើង ក្នុងនាមសហគមន៍ឥស្លាមកម្ពុជា ដែលបានរួមរស់ប្រកបដោយ សុខសន្តិភាព និងសុខដុមនីកម្ម គោរពស្រលាញ់គ្នាទៅវិញទៅមក ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕