(ភ្នំពេញ)៖ ធនាគារ ព្រីនស៍ ម.ក សហការជាមួយសមាគមគ្រប់គ្រងហិរញ្ញវត្ថុ និងទីផ្សារអឺរ៉ុប (Efma) រៀបចំវេទិកាវិស័យធនាគារ ក្នុងសម័យឌីជីថលលើកដំបូងនៅកម្ពុជា ក្រោមប្រធានបទ «សេវាធនាគារសម្រាប់អតិថិជនសម័យថ្មី បទពិសោធន៍ បច្ចេកវិទ្យាទំនើប»។

វេទិការនេះ រៀបចំឡើងដោយមានការចូលរួមពីថ្នាក់គ្រប់គ្រង នៃវិស័យហិរញ្ញវត្ថុក្នុងតំបន់អាស៊ី និងវាគ្មិនអន្តរជាតិផងដែរ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩។

វេទិកាបានពិភាក្សាអំពីកាលានុវត្តភាពក៏ដូចជា បញ្ហាប្រឈមនានាដែលគ្រឹះស្ថានធនាគារក្នុងស្រុក និងអន្តរជាតិជួបប្រទះនៅក្នុងការរៀបចំ ដំណើរការឌីជីថលស្របទៅតាមភាពរីកចម្រើន ផ្នែកបច្ចេកវិទ្យានៅទូទាំងពិភពលោក និងបម្រែបម្រួលនៃតម្រូវការរបស់អតិថិជន។

កម្មវិធីក៏មានការចូលរួមពីលោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាផងដែរ។ វាគ្មិននៅក្នុងកម្មវិធីនេះ រួមមានអ្នកជំនាញ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុដែលមានដូចជា៖ លោក Michael Lor ទីប្រឹក្សាជាន់ខ្ពស់អាស៊ីប៉ាស៊ីហ្វិករបស់ Efma, លោក បណ្ឌិត Christian Roland នាយកផ្នែក Agile Enablement នៃធនាគារ Siam Commercial Bank, លោក Kazuya Sakakibara នាយកប្រតិបត្តិផ្នែកយុទ្ធសាស្រ្តបចេ្ចកវិទ្យាព័ត៌មានវិទ្យា និងការអភិវឌ្ឍផលិតផលនៃធនាគារ Jibun, លោកស្រី Pui Fang Chow នៃធនាគារ DBS Bank Singapore និងលោកស្រី Supaneewan Chutrakul អនុប្រធានជាន់ខ្ពស់នៃធនាគារ Kasikorn Bank។

ប្រធានដែលបានលើកមកពិភាក្សារួមមាន៖

១៖ និន្នាការនៃការវិវឌ្ឍក្នុងវិស័យឌីជីថល។
២៖ ដំណើរការរៀបចំសេវាធនាគារឌីជីថល។
៣៖ ការប្រើប្រាស់បច្ចេកវិទ្យាប្រាជ្ញាសិប្បនិមិ្មត (A.I)។
៤៖ បទពិសោធន៍អតិថិជន និងបណ្តាញសេវាកម្មរបស់ធនាគារក្នុងសម័យឌីជីថល។
៥៖ ប្រព័ន្ធធនាគារបើកចំហ។
៦៖ ការរៀបចំបុគ្គលិកឲ្យស្របទៅតាមយុគសម័យឌីជីថល។
៧៖ សេវាកម្មធនាគារឌីជីថល សម្រាប់សហគ្រាសខ្នាតតូច និងមធ្យម។

សូមជម្រាបថា ធនាគារព្រីនស៍ចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ២០១៥ ក្នុងទម្រង់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រោមឈ្មោះថា ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ហើយត្រូវបានផ្លាស់ប្តូរខ្លួនទៅជាធនាគារពាណិជ្ជ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។ ធនាគារមានផ្តល់ជូនអតិថិជននូវសេវា ប្រាក់បញ្ញើសន្សំ ប្រាក់បញ្ញើតាមកាលកំណត់, ឥណទានគេហដ្ឋាន, ឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងឥណទាន សម្រាប់អាជីវកម្ម៕