(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ នៅសាលាខេត្តបន្ទាយមានជ័យ លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងលោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាគណៈអធិបតីក្នុងវេទិកាពិគ្រោះយោបល់ជាមួយអង្គការសង្គមស៊ីវិលក្នុងខេត្តបន្ទាយមានជ័យ ក្រោមប្រធានបទ «ការពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិលនិងរាជរដ្ឋាភិបាល សំដៅសម្រេចបាននូវក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា» ដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពចំណុះសាលាខេត្ត ព្រមទាំងតំណាងអង្គការ សមាគម សហជីព និងសហគមន៍នានានៅក្នុងខេត្តបន្ទាយមានជ័យ។

វេទិកាពិគ្រោះយោបល់នេះ ត្រូវបានរៀបចំដោយ វ.ស.ស. ដោយមានការសហការពីរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងដើម្បីឱ្យអង្គការសង្គមស៊ីវិលនៅក្នុងខេត្តបន្ទាយមានជ័យ បានស្វែងយល់ស៊ីជម្រៅអំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (CSDGs) សំដៅពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងអង្គការសង្គមស៊ីវិល ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះដែរ វ.ស.ស. អាជ្ញាធរខេត្ត និងតំណាងអង្គការ សមាគម សហជីព និងសហគមន៍ ក៏បានជជែកពិភាក្សាដោយត្រង់ទៅត្រង់មកជាមួយគ្នា ពាក់ព័ន្ធនឹងបញ្ហាប្រឈមជាក់ស្តែងដែលកើតមាន នៅក្នុងមូលដ្ឋាននៃខេត្តបន្ទាយមានជ័យ រួមទាំងសំណូមពរមួយចំនួនផងដែរ។ ជាលទ្ធផល បញ្ហាប្រឈម និងសំណូមពរជាក់ស្តែងមួយចំនួនរបស់ប្រជាពលរដ្ឋ ត្រូវបានដោះស្រាយនៅក្នុងកិច្ចសន្ទនាដោយផ្ទាល់តែម្តង។ ដោយឡែក បញ្ហាដែលនៅសេសសល់មួយចំនួនទៀត ដែលតម្រូវឱ្យមានការសិក្សាឱ្យបានល្អិតល្អន់ ត្រូវបានលើកយកទៅបន្តពិភាក្សាជាមួយមន្ទីរ-អង្គភាព និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ដើម្បីសហការស្វែងរកដំណោះស្រាយជាមួយគ្នា។