(ភ្នំពេញ)៖ ក្រុមហ៊ុនតារាផេ ជាក្រុមហ៊ុនផ្ដល់សេវា កាបូបលុយអេឡិចត្រូនិកចល័ត និងដំណោះស្រាយក្នុងការទូទាត់សាច់ប្រាក់ដ៏ទំនើបបំផុតនៅកម្ពុជា បានចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងភាពស្តីពី ភាពជាដៃគូជាមួយរដ្ឋាករទឹកស្វយ័តសៀមរាប» ដើម្បីផ្ដល់មធ្យោបាយទូទាត់វិក្កយបត្រទឹកសម័យទំនើប ជូនដល់ប្រជាជនដែលរស់នៅ ក្នុងខេត្តសៀមរាប។

តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូនេះ តារាផេ នឹងផ្តល់ជូនអតិថិជនខេត្តសៀមរាប នូវមធ្យោបាយទូទាត់វិក្កយបត្រទឹកសម័យទំនើប ដែលមានលក្ខណៈរហ័ស, ងាយស្រួល និងប្រកបដោយទំនុកចិត្ត។ សេវាដ៏ទំនើបមួយនេះក៏នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការរំលែកការលំបាក លើកស្ទួយសុខុមាលភាព និងសន្សំសំចៃពេលវេលា និងថវិកាជូនអតិថិជន។

ចាប់ពីពេលនេះតទៅអតិថិជនរស់នៅខេត្តសៀមរាប ពុំចាំបាច់ចំណាយពេលវេលា និងថវិកាក្នុងការធ្វើដំណើរ ឬតម្រង់ជួររង់ចាំបង់វិក្កយបត្រទៀតឡើយពោល គឺពួកគាត់ អាចធ្វើការទូទាត់វិក្កយបត្របានភ្លាមៗ តាមរយៈកម្មវិធីតារាផេ App នៅលើទូរស័ព្ទដៃ ឬអាចបង់បាននៅតាមទីតាំងភ្នាក់ងារតារាផេ ណាមួយនៅជិតផ្ទះលោកអ្នកបំផុត។

ក្រុមហ៊ុនតារាផេក៏បានផ្ដល់ជូនកម្មវិធីប្រូម៉ូសិនពិសេស គឺការឥតគិតថ្លៃសេវារយៈពេល៣ខែ ចំពោះការបង់វិក្កយបត្រទៅកាន់រដ្ឋាករទឹកខេត្តសៀមរាប។ កិច្ចសហការនៅថ្ងៃនេះសរបញ្ជាក់ ឲ្យឃើញពីឆន្ទៈរបស់ក្រុមហ៊ុនតារាផេក្នុងការរិះរក និងផ្តល់ជូនបច្ចេកវិទ្យាទំនើបបំផុត ជូនដល់ប្រជាជនកម្ពុជា ជាមួយនឹងសេវាហិរញ្ញវត្ថុដ៏សម្បូរបែប ដើម្បីបម្រើដល់តម្រូវការប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។

ជាក់ស្តែងនាពេលបច្ចុប្បន្ន អតិថិជន អាចទូទាត់បង់ប្រាក់ភ្លាមៗតាមបណ្តាផ្សារទំនើប ហាងកាហ្វេ ហាងលក់ទំនិញ និងហាងដៃគូរបស់តារាផេ ច្រើនជាង២,៨០០កន្លែងទូទាំងប្រទេស ដោយពុំចាំបាច់មានសាច់ប្រាក់ជាប់ខ្លួនឡើយ។

ពិតជាមានភាពងាយស្រួល ដោយគ្រាន់តែអតិថិជនទាំងអស់ស្កេន QR Code គឺអាចទូទាត់បង់ប្រាក់បានភ្លាមៗ ដោយពុំចាំបាច់បំពេញព័ត៌មានផ្សេងៗដូចជា៖ លេខវិក្កយបត្រ ឬក៏ចំនួនទឹកប្រាក់ដែលត្រូវបង់នោះឡើយ។

ក្រុមហ៊ុនតារាផេក៏ផ្តល់ជូនសេវាហិរញ្ញវត្ថុដទៃទៀត ដោយផ្តល់ជូនជម្រើសដល់អតិថិជន ក្នុងការទូទាត់បង់ប្រាក់ដោយខ្លួនឯង តាមរយៈកម្មវិធីតារាផេ App ឬទូទាត់តាមរយៈភ្នាក់ងារតារាផេ ទូទាំងប្រទេស។

លោក ភុក រដ្ឋា នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនតារាផេ បានឲ្យដឹងថា «ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ដ៏ឈានមុខគេក្នុងប្រទេស ក្រុមហ៊ុនតារាផេ បានបន្ដភាពច្នៃប្រឌិតរបស់ខ្លួន និងបន្តអភិវឌ្ឍបច្ចេកវិទ្យារបស់ខ្លួនជារៀងរាល់ថ្ងៃ។ ថ្ងៃនេះ យើងបានសហការជាមួយរដ្ឋាករទឹកស្វយ័តសៀមរាប ដើម្បីផ្ដល់ដំណោះស្រាយទូទាត់វិក្កយបត្រ ដោយប្រើបច្ចេកវិទ្យាឌីជីថលជូនដល់អតិថិជន»

លោកបន្ថែមថា អាតិចិជណអាចចំណេញពេលវេលា និងថវិកាក្នុងការធ្វើដំណើរទៅបង់ប្រាក់ ទូទាត់ថ្លៃសេវាទឹកស្អាតទៅកាន់រដ្ឋាករទឹកស្វយ័តសៀមរាប ហើយនាពេលអនាគត ក្រុមហ៊ុនតារាផេ នឹងបន្ដពង្រីកវិសាលភាពនៃសេវា ទូទាត់វិក្កយបត្រទឹកបែបឌីជីថល ទៅកាន់បណ្តាខេត្ត-ក្រុងនានាទូទាំងកម្ពុជា។ ទន្ទឹមនឹងនេះក៏កំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ក្នុងការបង្កើតផលិតផលហិរញ្ញវត្ថុថ្មីៗបន្ថែមទៀត ដើម្បីបម្រើសេវាដល់អតិថិជន ឲ្យកាន់តែមានប្រសិទ្ធភាពជាងមុន។

លោក ឃុត វុត្យារិទ្ធ បានឲ្យដឹងថា «សេវាបង់វិក្កយបត្រទឹកលក្ខណៈឌីជីថលរបស់ តារាផេ ពិតជាផ្តល់អត្ថប្រយោជន៍ជាច្រើន សម្រាប់អតិថិជនខេត្តសៀមរាបដូចជា ការសន្សំសំចៃពេលវេលា និងថវិកា បង្កភាពងាយស្រួលនិងសុវត្ថិភាព មិនតែប៉ុណ្ណោះសេវាមួយនេះក៏រួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើនប្រសិទ្ធភាពនៃការប្រមូលថ្លៃសេវាទឹកស្អាត សម្រាប់រដ្ឋាករទឹកស្វយ័តសៀមរាប»

លោកបញ្ជាក់ថា «យើងរីករាយណាស់ដែលបានចាប់ដៃគូ ជាមួយក្រុមហ៊ុនតារាផេ ដើម្បីលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា តាមរយៈកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឲ្យសេវាសាធារណៈ សម្រាប់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតមានតម្លៃសមរម្យ និងកាន់តែខិតទៅជិតប្រជាពលរដ្ឋគ្រប់រូបក្នុងប្រទេសកម្ពុជា»

សូមជម្រាបថា តារាផេ ជាយីហោរបស់ក្រុមហ៊ុន កាណាឌីយ៉ា-ហ្វុលលើតុន ម៉ូបែល ម៉ាន់នី ដែលជាក្រុមហ៊ុនមួយត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦។ តារាផេ ជាក្រុមហ៊ុនមួយដែលចូលរួម បង្កើតឡើងរវាងក្រុមហ៊ុន Canadia Investment Holdings (CIH)នៃកម្ពុជា និងក្រុមហ៊ុន Fullerton Financial Holdings (FFH) នៃប្រទេសសិង្ហបុរី ក្នុងគោលបំណងបង្កើតកាបូបលុយ អេឡិចត្រូនិក និងអាជីវកម្មទូទាត់ប្រាក់នៅក្នុងប្រទេសកម្ពុជា។

សូមជម្រាបថា តារាផេមានសេវាកម្មជាច្រើនរួមមាន៖ សេវាផ្ទេរប្រាក់(វេរលុយ) ដក/ដាក់ប្រាក់ ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ ទូទាត់ប្រាក់តាមប្រព័ន្ធអ៊ិនធឺណិត ទូទាត់ប្រាក់តាមដៃគូពាណិជ្ជករ បង់ប្រាក់ឥណទាន ណែនាំស្នើកម្ចីឥណទាន បញ្ចេញប្រាក់ឥណទានសេវាកម្មបើកប្រាក់ខែ និងកាបូបលុយអេឡិចត្រូនិក៕