(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ បានបញ្ជាក់ឲ្យដឹងថា បាតុភូត អែល នីណូ (El Nino) ដែលមានឥទ្ធិពលខ្លាំងមកលើកម្ពុជា និងតំបន់អាងទន្លេមេគង្គ កាលពីក្នុងរដូវប្រាំងកន្លងមកនោះ បានចុះថមថយឥទ្ធិពលជាលំដាប់ នៅដើមរដូវវស្សានេះ។

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា បន្ទាប់ពីបានធ្វើការតាមដាន ព្យាករណ៍លើស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកជំនន់ ទន្លេមេគង្គរួចមក ក្រសួងធនធានទឹក សូមជម្រាបជូនអំពីការព្យាករកម្ពស់ទឹកជំនន់ រដូវវស្សាលើកទី ១ ប្រចាំឆ្នាំ ២០១៩ ដូចខាងក្រោម៖

* ទី១ ៖ ស្ថានភាពទូទៅនៃអាកាសធាតុក្នុងតំបន់៖

* យោងតាមការសង្កេត និងពិនិត្យទៅលើបាតុភូតធម្មជាតិ ពិសេសបាតុភូតដែលមានឈ្មោះថា EL NINO Monitoring Outlook ( ដែលជាបាតុភូតសំខាន់ជាងគេ ក្នុងការកំណត់លក្ខខណ្ឌអាកាសធាតុ ) រួចមកឃើញថា ៖ បាតុភូត អែល នីណូ (El Nino) ដែលមានឥទ្ធិពលខ្លាំងមកលើកម្ពុជា និងតំបន់អាងទន្លេមេគង្គ កាលពីក្នុងរដូវប្រាំងកន្លងមកនោះ បានចុះថមថយឥទ្ធិពលជាលំដាប់នៅដើមរដូវវស្សានេះ ។

ទន្ទឹមនឹងនោះដែរ ខ្យល់មូសុងនិរតី ប្រព័ន្ធសម្ពាធទាប សម្ពាធទាប ...ក៏បាន និងកំពុងកើតឡើង និងបង្កើនឥទ្ធិពលជាបន្តបន្ទាប់។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យភ្លៀងអាចមានក្នុងកម្រិតពីមធ្យមទៅច្រើន ទាំងនៅក្នុងអាងទន្លេមេគង្គ ទាំងនៅក្នុងប្រទេសកម្ពុជា។

* ទី២៖ ស្ថានភាពទឹកទន្លេមេគង្គលើ នៅប្រទេសឡាវ និងប្រទេសថៃ មានស្ថានភាព៖

* ស្ថានភាពទឹកទន្លេមេគង្គលើ នៅប្រទេសឡាវ និងប្រទេសថៃ មានស្ថានភាព៖ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ ២០១៩ ទឹកមានកម្ពស់ ខ្ពស់ជាងមធ្យមភាគ ច្រើនឆ្នាំ១,០០ម៉ែត្រ នៅប៉ាក់សេ និង១,៥០ម៉ែត្រ នៅវៀងច័ន្ទ ប្រទេសឡាវ។ មកដល់ដើមខែមិថុនា ឆ្នាំ២០១៩ កម្ពស់ទឹក បានថយមកនៅប្រហាក់ប្រហែល នឹងមធ្យមភាគច្រើនឆ្នាំវិញ ។

* ទី៣៖ ស្ថានភាពទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប៖

* ស្ថានភាពទឹកទន្លេមេគង្គក្នុងឆ្នាំ២០១៩ នេះ មានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ក្នុងនោះមាន៖ ទន្លេមេគង្គលើ រួមមានខេត្តស្ទឹងត្រែង ក្រចេះ និងខេត្តកំពង់ចាម ពីខែមករា ដល់ខែឧសភា ទឹកមានកម្រិតកម្ពស់ ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ពី១,០៧ម៉ែត្រ ទៅ២,១៦ម៉ែត្រ។ មកដល់ខែមិថុនា កម្ពស់ទឹកមានសភាពទាបជាងមធ្យមភាគបន្តិចវិញ។
* ទន្លេមេគង្គក្រោម ទន្លេបាសាក់ និងទន្លេសាប ទឹកមានកម្រិតកម្ពស់ប្រហាក់ប្រហែលនឹងមធ្យមភាគច្រើនឆ្នាំ។
* ទឹកក្នុងបឹងទន្លេសាប មានសភាពទាបជាងមធ្យមភាគច្រើនឆ្នាំ ។

* ទី៤៖ ការព្យាករទឹកជំនន់លើកទី១ ប្រចាំឆ្នាំ២០១៩៖
* យោងលើស្ថានភាពទឹកទន្លេមេគង្គ នាពេលបច្ចុប្បន្ន កត្តាអាកាសធាតុ និងការវិភាគ លើទំនាក់ទំនងរវាងកម្ពស់ទឹកអប្បបរមា និងអតិបរមា ព្រមទាំងការវិភាគលើវដ្តទឹក ការព្យាករលើកទី១ បានបង្ហាញថា នៅស្ថានីយជលសាស្ត្របាសាក់-ចតុមុខ នាឆ្នាំ២០១៩នេះ ទឹកអាចនឹងមានកម្ពស់៩,៣០ម៉ែត្រ ដែលចាត់ទុកជាប្រភេទជំនន់មធ្យម៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក៖