(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់ម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់។

របាយការណ៍របស់អាវុធហត្ថ បានឲ្យដឹងថា ជនសង្ស័យ ជួន សុខ ហៅឡេវ អាយុ២៤ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា សហការជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន និងសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន យកមកសួរនាំ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពឆក់ ទូរស័ព្ទដៃ០១គ្រឿង ម៉ាក iPhone X ពីប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចមុខភោជនីយ៍ដ្ឋានថ្មដា ផ្លូវកម្ពុជាក្រោម សង្កាត់មនោរម្យ ខណ្ឌ៧មករា។

ក្រោមវិធានការជំនាញ រូបគេបានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា មុនធ្វើសកម្មភាពបក្ខពួកខ្លួន ឈ្មោះ ភ័ណ្ឌ ភេទប្រុស បានជិះម៉ូតូ០១គ្រឿងម៉ាក Honda C125 ពណ៌ខ្មៅ ពុំចាំស្លាកលេខមកយករូបខ្លួន នៅចំណុចផ្លូវ២៨៨ កែងផ្លូវ១៤៣ ដើម្បីជិះធ្វើសកម្មភាពឆក់សម្ភារមានតម្លៃពីប្រជាពលរដ្ឋ ដែលធ្វើដំណើរលើដងផ្លូវ លុះពេលពួកគេ ជិះដល់មុខភោជនីយ៍ដ្ឋានថ្មដា ក៏ឃើញបុរសម្នាក់ចុះពីលើកងបី ហើយឈរនិយាយទូរស័ព្ទ រូបគេទាំង០២នាក់ បានជិះទៅក្បែរ ហើយបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះបានសម្រេច ហើយបានជិះម៉ូតូគេចខ្លួន ទៅផ្ទះលេខ៩៧E0Z ផ្លូវ២៩២ សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយរូបគេទាំង០២នាក់ក៏បែកផ្លូវគ្នា។

លុះដល់វេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃដដែល រូបគេបានឃើញបុរសម្នាក់ ដើរកាត់មុខផ្ទះដែលរូបគេស្នាក់នៅ ដោយសង្ស័យថាជាសមត្ថកិច្ច ក៏បានរត់គេចខ្លួន តែត្រូវបានសមត្ថកិច្ចអាវុធហត្ថនៅក្បែរនោះឃាត់ខ្លួនតែម្តង។

រូបគេបានប្រាប់បន្ថែមទៀតថា កន្លងមកក្នុងអំឡុងឆ្នាំ២០១៩នេះ រូបគេ និងបក្ខពួក ធ្លាប់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីប្រជាពលរដ្ឋ ចំនួន០២លើក លើកទី១ ឆក់ទូរស័ព្ទពីបុរសម្នាក់ ជិះម៉ូតូកង់បី មិនបានសម្រេចនៅចំណុចម្តុំបឹងកេងកង លើកទី២ ឆក់ទូរស័ព្ទពីបុរសម្នាក់ ដែលកំពុងធ្វើដំណើរលើដងផ្លូវ បានសម្រេចនៅចំណុចម្តុំពេទ្យចិន៕

Advertising