(បន្ទាយមានជ័យ)៖ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ក្រុមហ៊ុន អង្គរឌែរីប្រូដាក ខូអិលធីឌី ដែលជារោងចក្រផលិត ផលអង្គរមីល មានទីតាំងស្ថិតនៅតំបន់សេដ្ធកិច្ចពិសេសភ្នំពេញ បានធ្វើសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃការពិសោធន៏លើផលិតផលអង្គរមីល ។

ការប្រព្រឹត្ដនេះ បានធ្វើឡើង ក្រោយពីព្រឹត្តិការណ៍ដែលបានកើតកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩កន្លងទៅ នៅសាលាបឋមសិក្សាអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយក្រោយពីក្រុមហ៊ុន បានចែកទឹកដោះគោ ដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាអូរអំបិល។

សន្និសីទសារព័ត៌មាននេះ មានការចូលរួមពី លោកតំណាងអភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ លោកនាយប៉ុស្តិ៍រដ្ឋបាលអូរអំបិល លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ លោកប្រធានការិយាល័យរអប់រំយុវជននិងកីឡាខេត្ត លោកនាយកសាលា លោកគ្រូ អ្នកគ្រូសាលាបឋមសិក្សាអូរអំបិល លោកចៅសង្កាត់អូរអំបិល មាតាបិតាសិស្សានុសិស្ស លោក លោកស្រី អ្នកនាងកញ្ញាតំណាងអ្នកសារព័ត៌មាន ពីគ្រប់ស្ថាប័ន ជាពិសេសសិស្សានុសិស្ស សាលាបឋមសិក្សាអូរអំបិលប្រមាណជា១,២០០នាក់។

ក្រោមការខិតខំប្រឹងប្រែងរបស់មន្រ្តីមន្ទីរសុខាភិបាល និងអាជ្ញាធរដែលពាក់ពន្ធ័ ជាពិសេស ក្រសួងសុខាភិបាល ក្រោយពីយកសំណាកផលិតផល ទៅធ្វើការពិសោធន៍នៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល របស់ក្រសួងសុខាភិបាល នៅរាជធានីភ្នំពេញនាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១២និង៤០នាទី មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល បានទទួលសំណាកផលិតផល ហើយបានធ្វើការពិសោធន៍ ដើម្បីស្វែងរកមូលហេតុ នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ លទ្ធផលពីមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល ដែលមានលេខរៀងវិភាគ 19-F0029 បានអះអាងថា ផលិតផលទឹកដោះគោអង្គរមីល គឺគោរព និងអនុលោមតាមបទដ្ឋានជាតិបានត្រឹមត្រូវ និងមិនមានមូលហេតុ ធ្វើឱ្យមានការប៉ះពាល់ដល់អ្នកប្រើប្រាស់នោះឡើយ។

ទន្ទឹមគ្នានោះដែរ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និង គ្រឿងសំអាង ក៏ចេញរបាយការណ៍លទ្ធផលវិភាគសំណាកផងដែរថា ផលិតផលទឹកដោះគោអង្គរមីល មិនបង្កគ្រោះថ្នាក់ដល់សុខភាពទេ (លិខិតទាំងនេះដូចមានតាំងនៅទីស្រាប់) ។

គួរបញ្ជាក់ផងដែរថា ផលិតផលអង្គរមីល ត្រូវបានផលិតដោយក្រុមហ៊ុន អង្គរឌែរីប្រូដាក ខូអិលធីឌី ដែលជារោងចក្រផលិតទឹកដោះគោដ៏ធំបំផុតទីមួយនៅកម្ពុជា ជាមួយការវិនិយោគដំបូងចំនួនទឹកប្រាក់ ២៣លានដុល្លារសហរដ្ឋអាមេរិក ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ធកិច្ចពិសេសភ្នំពេញ ក្នុងគោលបំណងផ្តល់អាហាររូបត្ថម្ភដ៏សម្បូរបែប ដើម្បីជួយទ្រទ្រង់ទាំងប្រាជ្ញា និងស្មារតីដល់អតិថិជនទាំងអស់ គ្រប់ចង្វាក់ផលិតកម្មផលិតទឹកដោះគោ ម៉ាកអង្គរមីលត្រូវបានត្រួតពិនិត្យយ៉ាងត្រឹមត្រូវ និងយកចិត្តទុកដាក់ជាទីបំផុត៕