(ព្រៃវែង)៖ ប្រជាកសិករដាំដុះបន្លែសុវត្ថិភាពនៅស្រុកកញ្ជៀច ខេត្តព្រៃវែង មានការកើនឡើងច្រើនខុសពីឆ្នាំមុន ខណៈបច្ចុប្បន្នកំពុងមានទីផ្សារអាចរកចំណូលបានច្រើន ព្រោះសក្ដានុពល នៃវិស័យដាំដុះលើតម្លៃបន្លែសុវត្ថិភាពលក់នៅលើទីផ្សារបានថ្លៃគួរសម ហើយឈ្មួញចុះមកទិញដល់កន្លែងបានផ្តល់កម្លាំងចិត្តដល់ប្រជាកសិករដាំបន្លែបន្ថែមផងដែរ។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិអ្នកតាជ័យ, ភូមិត្រពាំងប្រស្រែលិច និងភូមិត្រពាំងប្រស្រែកើត ឃុំគោកគង់លិច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែងដែល ជាកសិករដាំបន្លែសុវត្ថិភាពបាននិយាយ ទាំងទឹកមុខស្រស់ស្រាយប្រាប់ថា ឆ្នាំមុនចំនួនអ្នកដាំដុះបន្លែសុវត្ថិភាពមានចន្លោះត្រឹមតែ ១៥ហិចតាទេ ក៏ប៉ុន្តែនៅឆ្នាំ២០១៩នេះ បានកើនឡើងដល់ប្រមាណ ៣០ហិកតា ហើយពួកគាត់បានចាប់អាជីពនេះជាង ២០ឆ្នាំមកហើយ អាចរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារដោះស្រាយជីវភាពប្រចាំថ្ងៃបានយ៉ាងស្រួល និងផ្គត់ផ្គង់ឲ្យកូនសិក្សា ដោយមិនបាច់ចំណាកស្រុកទៅប្រទេសជិតខាងនោះទេ។

ក្នុងនោះប្រជាពលរដ្ឋបានបន្តទៀតថា មុនដំបូងមានពលរដ្ឋប្រមាណជាង៥ទៅ ៦គ្រួសារតែប៉ុណ្ណោះដែលចាប់អាជីពដាំបន្លែ ដើម្បីយកទៅលក់បានប្រាក់ចំណូលផ្គត់ផ្គង់ ការចំណាយប្រចាំថ្ងៃក្នុងគ្រួសារ ដោយពេលនោះពួកគាត់មិនទាន់ចេះបច្ចេកទេស ឬប្រើថ្នាំធម្មជាតិថ្នាំគីមីអ្វីឡើយ។ ក្រោយមកក៏មានមន្ត្រីជំនាញផ្នែកកសិកម្មចុះណែនាំបង្រៀន បច្ចេកទេសការដាំបន្លែសុវត្ថិភាពប្រើប្រាស់ថ្នាំតាមការកំណត់ ពេលដែលប្រើ និងពេលប្រមូលផលដោយត្រូវតាមការគោការណ៍ កំណត់គឺមិនប៉ះពាល់ដល់សុខភាពអ្នកបរិភោគនោះឡើយ។

ចំពោះការណែនាំទាំងបច្ចេកទេសរបស់មន្ត្រីជំនាញធ្វើឲ្យប្រជាពលរដ្ឋ បានយល់ដឹង និងមានកំណើននៃការដាំដុះបន្លែសុវត្ថិភាពកាន់តែច្រើនក្នុងឆ្នាំ២០១៩នេះ ដីស្រែដែលធ្លាប់តែធ្វើស្រែ បែរជាក្លាយជា កន្លែងដាំបន្លែសុវត្ថិភាពសឹងតែអស់ទៅហើយ។ គាត់បានបន្តថាសព្វថ្ងៃនេះ គឺមិនពិបាកយកទៅលក់នៅទីផ្សារនោះទេ គឺមានឈ្មួញមកទទួលទិញដល់កន្លែងតែម្តង គឺថាចាំតែកាត់ដាក់ថង់ទៅបានហើយ។

លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខប្រម៉ាញ់ និងនេសាទ ខេត្តព្រៃវែងបានឲ្យដឹងថា «ផ្ទៃដីនៅឃុំគោកគង់លិច ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ដែលប្រជាពលរដ្ឋដាំបន្លែសុវត្ថិភាពទាំងរដូវវស្សា និងរដូវប្រាំងនៅលើផ្ទៃដីប្រមាណ ២៩ទៅ ៣០ហិចតា។ ចំណែកបន្លែដែលដាំនោះមានដូចជា៖ ស្ពៃចង្កឹះ, ស្ពៃតឿ, ខាត់ណា, ស្ពៃក្រញាញ់, ស្ពៃស, សាច់ថាវ, ម្រះ, និងត្រសក់ជាដើម។ ប៉ុន្តែនៅរដូវប្រាំងវិញប្រជាពលរដ្ឋបានបង្កើនការដាំដុះបន្លែសុវត្ថិភាពនៅលើផ្ទៃដីធ្វើស្រែបន្ថែមទៀត ហើយនៅក្នុងស្រុកកញ្ច្រៀច គឺមិនទាន់មានបន្លែសរីរាង្គនោះទេ ក៏ប៉ុន្តែយើងមានបន្លែសុវត្ថិភាព ដោយក្រុមបច្ចេកទេសរបស់មន្ត្រីកសិកម្មបានចុះណែនាំទៅដល់ប្រជាកសិករ ឲ្យប្រើថ្នាំកសិកម្មតាមការកំណត់ពេលប្រើ និងប្រមូលផងឲ្យបានច្បាស់លាស់»។

លោកបានបន្ថែមទៀតថា មន្ទីរកសិកម្មខេត្តព្រៃវែង បានជំរុញសម្រាប់ក្រុមកែលម្អ និងដើមទុនសម្រាប់បង្វិលជូនកសិករខ្វះខាត ក្រៅពីហ្នឹងក៏មាន វគ្គបណ្ដុះបណ្ដាលបច្ចេកទេសការដាំ និងស្វែងរកទីផ្សារ អ្នកដាំនិងអ្នកទិញរកទីផ្សាជូនកសិករផងដែរ ខាងមន្ទីរបានអញ្ជើញ ឈ្មួញខាងភ្នំពេញ, កំពង់ចាម, ត្បូងឃ្មុំ, ដើម្បីពិភាក្សា ការកម្មង់ទិញបន្លែសុវត្ថិភាពតាមតម្រូវការក្នុងទីផ្សារ។

បងប្អូនប្រជាកសិករនៅទីនោះក៏សូមអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ មន្ត្រីជំនាញ ក្រសួងស្ថាប័នទាំងអស់ មេត្តាជួយចុះផ្ដល់បច្ចេកទេសក្នុងការដាំដុះបន្ថែមទៀត ដើម្បីទទួលបានផលល្អច្រើន
និងសូមឲ្យជួយស្វែងរកទីផ្សារ ដើម្បីឲ្យពួកគាត់ទទួលបាននូវប្រាក់ចំណេញ ពីការដាំបន្លែធម្មជាតិនៅក្នុងស្រុកកញ្ជ្រៀចនេះ ដើម្បីជួយពង្រឹង និងលើកកម្ពស់សុខភាពដល់អ្នកហូបទូទាំងប្រទេសផងដែរ៕