(ភ្នំពេញ)៖ ក្រុមហ៊ុនសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ដែលមានសម្ព័ន្ធសាលាចំនួនពីរ គឺសាលាអន្តរជាតិ ស៊ី អាយ អេ ភីភី និងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ នាពេលថ្មីៗនេះ បានចុះអនុស្សរណៈយោគយល់គ្នា (MoU) លើកិច្ចសហប្រតិបត្តិការ ជាមួយ FasTracKids ដើម្បីបន្តអភិវឌ្ឍគុណភាពអប់រំ សម្រាប់ សតវត្សទី២១។

បើតាមសេចក្ដីប្រកាសព័ត៌មាន របស់សាលាអន្ដរជាតិ CIA First បានឲ្យដឹងថា FasTracKids គឺជាកម្មវិធីអប់រំ ដែលផ្តោតលើការអភិវឌ្ឍកុមារគ្រប់ជ្រុងជ្រោយ ដោយនៅក្នុងនោះ មាន ដូចជា ជំនាញត្រិះរិះពិចារណា ការច្នៃប្រឌិត ការសហការ ការទំនាក់ទំនង និងការមានទំនុក ចិត្ត ដែលមានលក្ខណៈស្របគ្នា ជាមួយនឹងទស្សនវិជ្ជាអប់រំ និងកម្មវិធីសិក្សារបស់សាលា។

FasTracKids ជំរុញ និងលើកកម្ពស់ការសិក្សា បែបរិះរកដែលជាមូលដ្ឋានគ្រឹះ នៃកម្មវិធីសិក្សា កម្រិតមត្តេយ្យ និងបឋមសិក្សារបស់សាលាអន្តរជាតិស៊ី អាយ អេ ហ្វឺសត៍ និងសាលាអន្តរជាតិ ស៊ី អាយ អេ ភីភី។ ធនធាន និងទស្សវិជ្ជារបស់ FasTracKids មានភាពស្របគ្នា ជាមួយលទ្ធផលសិក្សារំពឹង ទុក ទម្លាប់នៃការគិត និងស្តងដារអប់រំ របស់សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍។

តាមសេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ការបញ្ចូលកម្មវិធី FasTracKids ទៅក្នុងកម្មវិធីរបស់សាលា គឺស្របគ្នាជាមួយនឹងការរីកចម្រើនជាច្រើន របស់សាលាដែលរួមមាន ការបន្ថែមទីតាំងថ្មី ក៏ដូចជាការបន្ថែម នូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តថ្មីៗជាច្រើនទៀត។

លោក Johnson Lim ដែលជានាយកប្រតិបត្តិរបស់ LVLs digital Media និង FasTracKids ក្នុង ប្រទេសកម្ពុជា បានថ្លែងថា «ខ្ញុំពិតជារីករាយណាស់ ដែលបាននាំយកកម្មវិធីសិក្សាដ៏ល្អនេះ មកប្រទេសកម្ពុជា»។

លោកបន្ដថា «ខ្ញុំជឿជាក់ថា កិច្ចសហការរវាងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ជាមួយនិង FasTracKids នឹងបន្តជួយអភិវឌ្ឍគុណភាពអប់រំ ក្នុងប្រទេសកម្ពុជា ឲ្យឆ្លើយតបទៅនឹងស្តង់ដារ អន្តរជាតិ ព្រមទាំងផ្តល់ឱកាសដល់កូនខ្មែរ ក្នុងការទទួលបានការអប់រំ ដែលប្រកបដោយគុណភាព»៕

Advertising