(រតនគិរី)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តរតនគិរី ដឹកនាំដោយលោក ហេង សាយ ប្រធានសាខា នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យគុណភាព ទំនិញវេចខ្ចប់ស្រេច តាមផ្ទះលក់ទំនិញនានា នៅផ្សារបានលុង និងផ្សារកូនមុំ ខេត្តរតនគិរី រកឃើញផលិតផលជាង ១៨គីឡូក្រាម ហួសកាលបរិច្ឆេទ ដកហូតទុកដុតកម្ទេចចោល។

លោក ហេង សាយ ប្រធានសាខាកាំកុងត្រូលខេត្តរតនគិរី បានឲ្យដឹងថា បន្ទាប់ពីបានពិនិត្យ ដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារមួយចំនួន ដែលកំពុងដាក់តាំងលក់ នៅតាមផ្ទះលក់ផ្សារបានលុង និងផ្សារកូនមុំ រួចមកក្រុមការងារបានរកឃើញទំនិញហួសកាលបរិច្ឆេទ និងខូចគុណ ចំនួនសរុប១៨,៤គីឡូក្រាម ក្រុមការងារបានធ្វើកំណត់ ដកហូតដុតកម្ទេចចោលភ្លាមៗ។

ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគអាហារហួសកាលបរិច្ឆេទ ហើយមិនប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

លោកប្រធានសាខា ក៏បានអំពាវនាវដល់អាជីវករ អ្នកលក់ដូរ ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ឱ្យបានហ្មត់ចត់ មុននឹងធ្វើចរាចរ ចែកចាយលក់ដូរ និងទិញទំនិញម្ហូបអាហារទទួលទាន ដោយសុវត្ថិភាព មិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់៕